ខេត្ដសៀមរាប៖ នៅព្រឹកថ្ងៃទី៧ខែកុម្ភៈនេះប៉ូលិសទេសចរនិងអាជ្ញាធរអប្សរាបាននាំខ្លួនស្ត្រីជនជាតិអាមេរិក២នាក់មកតុលាការដើម្បីកាត់ទោសក្នុងករណីពួកគេបាននាំគ្នាថតរូប អាក្រាតកាយនៅក្នុងប្រាសាទព្រះខ័ននោះកាលពីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៥។នៅក្នុងសវនាការនោះក្រោមការជំនុំជំរះដោយចៅក្រម កូយ សៅ និង លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង, ក្រឡាបញ្ជីលោក យ៉េង ដា មេធាវីលោក ភុំ ប៊ុនផាន់ ព្រមទាំងសមត្ថកិច្ចចូលរួមមានៈអាជ្ញាធរអប្សរា,នគរបាលទេសចរ សាក្សី មួយចំនួនផងដែរ។
បន្ទាប់ពីជំនុំជំរះចប់ លោក កូយ សៅ ចៅក្រមជំនុំជំរះបានសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន៦ខែនិងពិន័យជាប្រាក់ម្នាក់ៗ១លានរៀល ពីបទជួញដូររូបភាពអាសអាភាសនិងបទបង្ហាញកេភេទក្នុងមាត្រា៣៩កថាខណ្ឌទី៣នៃច្បាប់ស្តីពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទក្នុងមាត្រា២៤៩នៃក្រមព្រហ្មទណ្ឌដែលជនទាំងនេះប្រព្រឹត្តិភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបកាលពីថ្ងៃទី០៦ខែកុម្ភៈកន្លងទៅ។ប៉ុន្តែទោសទាំងអស់នេះត្រូវបានព្យួរទាំងមូលស្របតាមមាត្រា១០៧,១០៩,១១១នៃក្រមព្រហ្មទណ្ឌ ដោយគ្រាន់តែពិន័យក្នុងម្នាក់ៗចំនួន១លានរៀលនិងមិនអនុញ្ញាតិឲ្យជនទាំង២នាក់នោះចូលមកស្នាក់នៅប្រទេសកម្ពុជារយៈពេល៤ឆ្នាំ។ក្នុងនោះតុលាការសម្រេចដកហូតយកវត្ថុតាងមួយចំនួនទុកជាសម្បត្តិរដ្ឋរួមមានៈទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយស៊ិចចំនួន១គ្រឿង,មេម៉ូរី១,ម៉ាស៊ីនថតរូប១, រីឯសម្ភារៈក្រៅពីនោះត្រូវប្រគល់ឲ្យជនជាប់ចោទវិញ។
ជនជាប់ចោទទាំង២នាក់នោះបានសារភាពនៅចំពោះមុខតុលាការថា ខ្លួនពិតជាបានថតរូបអាក្រាតយ៉ាងដូច្នេះមែន ហើយពួកគេនិងធ្វើការសុំទោសចំពោះប្រជាជនកម្ពុជាទាំងអស់ ដូច្នេះពួកគេនឹងឈប់ប្រព្រឹត្តិយ៉ាងនេះទៀតហើយ។
ជនជាប់ចោទទាំង២នាក់ជាជនជាតិអាមេរិកមានទី១/ឈ្មោះ Lindsey kate adams អាយុ២២ឆ្នាំកាន់លិខិតឆ្លងដែនលេខ ៤៦០៦១៩៩១៦ និង២.ឈ្មោះ leslie jan adams អាយុ ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៥២០២២៦១៤៧។ លោក ប៊ុន ណារិទ្ធ អគ្គនាយក អាជ្ញាធរជាតិអប្សរាបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ខែកុម្ភៈនេះថា អាជ្ញាធរអប្សរានិងឆ្មាំប្រាសាទទាំងអស់តែងតែយកចិត្តទុកដាក់តាមដានយ៉ាងសកម្មនៅរាល់ការថតរូបពីសំណាក់ភ្ញៀវទេសចរនានាដែលមានភាពមិនប្រក្រតី ហើយករណីស្ត្រីថតរូបអាក្រាតកាយកាលពីកន្លងទៅ លោកចាត់ទុកថា ជារឿងកាត់តច្រើនជាង ព្រោះសម័យនេះជាសម័យវិទ្យាសាស្ត្រជឿនលឿន ដូច្នេះគេអាចផលិតរូបភាពផ្សេងៗតាមតែអំពើចិត្ត។លោកបន្តថា បណ្តាញផ្សព្វផ្សាយនានា ដែលបានចុះផ្សាយកាលពីកន្លងទៅ អាជ្ញាធរក៏លើកយកមកគិតគូរឡើងវិញដែរ។ មន្ត្រីនគរបាលទេសចរនៃខេត្តសៀមរាបបានឲ្យដឹងផងដែរថា កម្លាំងនគរបាលទេសចរបានបង្កើនការត្រួតពិនិត្យបន្ថែមទៀតទៅលើប្រាសាទបូរាណទាំងអស់ដើម្បីធ្វើយ៉ាងណាមិនឲ្យមានជនខិលខូចបន្តថតរូបឬក៏ធ្វើសកម្មភាពមិនគប្បីតទៅទៀតនោះទេ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានលិចរូបភាពនារីអាក្រាតកាយពាក់កណ្ដាលខ្លួនដែលបានថតនៅតំបន់ប្រាសាទបុរាណខ្មែរ ដែលអាជ្ញាធរជាតិអប្សរា សង្ស័យថា ជារូបភាពកាត់ត និងកំពុងស្រាវជ្រាវបន្ដ ដើម្បីរកមូលហេតុច្បាស់លាស់។ចំណែកការលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមបានលើកឡើងផ្សេងៗគ្នាថា ការចាប់ខ្លួនស្ត្រីជនជាតិអាមេរិក២នាក់នោះគឺជាការរៀបចំរបស់អាជ្ញាធរទៅវិញ។តាមពិតករណីថតរូបអាក្រាតកាយនៅក្នុងប្រាសាទបុរាណរបស់ខ្មែរនេះគឺជាការឆកល្វែងមួយរបស់សមត្ថកិច្ចកាលពីពេលកន្លងទៅ ប៉ុន្តែបន្ទាប់ពីកើតរឿងរ៉ាវនេះទៅអាជ្ញាធរចំរុះបានបង្កើនការរឹតបន្តឹងបន្ថែមទៀតរហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីជនជាតិអាមេរិក២នាក់បន្តទៀត ដូច្នេះការលើកឡើងថា ករណីខាងលើនេះជាការរៀបចំទុកជាមុននោះគឺជារឿងមិនពិតនោះទេ។
នេះជាលទ្ធផលមួយដែលអាជ្ញាធរសម្រេចបានយ៉ាងល្អ ខណៈពេលដែលមានជនបរទេសចូលមកលួចថតរូបអាសអាភាសក្នុងប្រាសាទបូរាណរបស់ខ្មែរ ប៉ុន្តែករណីស្ត្រីម្នាក់ដែលគេថតរូបពាក់កណ្តាលខ្ឡួននៅក្នុងប្រាសាទនោះនៅមិនស្វែងរកឃើញនៅឡើយទេ យ៉ាងនេះក្តីអ្នកនាំពាក្យអាជ្ញាធរអប្សរាធ្លាប់បានមានប្រសាសន៍ថា នឹងស្វែងរកជនទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។សូមរំលឹកថា នេះជាការឃាត់ខ្លួនជនបរទេស ដែលបានចូលមកលួចថតរូបអាសអាភាសនៅក្នុងប្រាសាទរបស់ខ្មែរជាលើកទី២ហើយក្នុងឆ្នាំ២០១៥នេះ៕
មតិយោបល់