សៀមរាបៈ សពស្រ្តីវ័យចំណាស់ដែលជនជាតិអង់គ្លេសម្នាក់ត្រូវបានកូនប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលហើយករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់នេះដោយសារជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ។
ហេតុការបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៨ និង៣៥នាទីព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ មានចុះត្រួតពិនិត្យដោយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត អ៊ិត ឆមឆរ័ត្ន ជាវេជ្ជបណ្ឌិតអមតុលាការខេត្តសៀមរាបបានចុះទៅធ្វើកោសល្យវិច័យសាកសពផងដែរ។
លោកវរសេនីយ៍ទោ ផេង ពេជ្រ នាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានឲ្យដឹងថា សពមានឈ្មោះ LAYCORK SUSAN ភេទស្រី អាយុ៦៧ឆ្នាំមានមុខរបរជានិវត្តន៍ជនកាន់លិខិតឆ្លងដែនលេខ GBR532519716 ជនរងគ្រោះស្លាប់ប្រហែលម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃខែឆ្នាំដដែល។
ជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយកូនប្រុសបង្កើត ហើយផ្អែកតាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងលោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារដាច់សសៃឈាមខួរក្បាលនិងមានការរៀបរាប់ពីកូនប្រុសរបស់សពបានប្រាប់សមត្ថកិច្ចនគរបាលថាម្ដាយគាត់មានជំងឺប្រចាំកាយប្រហែល២០ឆ្នាំហើយដូចជាលើសឈាមទឹកនោមផ្អែម។ បច្ចុប្បន្នសពត្រូវបានរក្សាទុកនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះរងចាំមានការសម្រេចពីស្ថានទូតចាត់ការបន្ត៕
មតិយោបល់