ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង៧នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-3422 អ្នកបើកបរដោយឈ្មោះ កាង វណ្ណធី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតារាមឃុំត្បែង ស្រុកំពង់ស្វាយខេត្តកំពង់ធំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណរបួសស្រាល ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូហុងដា C125 ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1B-0286 អ្នកបើកបរឈ្មោះ សូ សេងហន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ របួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះ លាន សុភា ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា របួសធ្ងន់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ ហៅរថយន្តសាម៉ុយដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រីឯសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូទាំង២គ្រឿង ដែលរងការខូចខាត ត្រូវបានកម្លាំងសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់