ព័ត៌មានជាតិ

លួចបានភ្លាមៗឃាត់បានភ្លែត បន្ទាប់ធ្វើសកម្មភាពលួចទូរស័ព្ទដៃ

ភ្នំពេញ: ម្ចាស់ទូរស័ព្ទឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់អោយសមត្ថកិច្ចភ្លាមៗ ក្រោយធ្វើសកម្មភាព លួចទូរស័ព្ទមួយគ្រឿង របស់ជាងធ្វើចេតិយ ក្នុងវត្តមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណវត្តអរុណវត្តី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យពុំស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះជាមនុស្សមានសតិមិនប្រក្រតី ។ ចំណែកជនរងគ្រោះមានឈ្មោះ សុវណ្ណ ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបរជាងធ្វើចេតិយ មានទីលំនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងកាត់ដែក ហើយបានទុកទូរស័ព្ទមួយគ្រឿងម៉ាក សាំសុង ពណ៌ផ្កាឈូក ក្បែរខ្លួនជាប់រវល់ធ្វើការភ្លេចខ្លួនបន្តិច ស្រាប់តែជនសង្ស័យឃើញឱកាសល្អ បានធ្វើសកម្មលួចរួចដើរចេញបានបន្តិច ជនរងគ្រោះក្រឡេកមើលកន្លែងទុកទូរស័ព្ទបាត់ ស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើល ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនាំខ្លួនដើម្បីសួរនាំ ។

ក្រោយពីសមត្ថកិច្ចសួរនាំរួចហើយ ដោយសារតែឃើញជនសង្ស័យមានសតិមិនប្រក្រតី ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹនោះទេ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទអោយជនរងគ្រោះវិញ ។ ចំណែកឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ៕

មតិយោបល់