ព័ត៌មានជាតិ

ប៊ិះដាច់ក យុវជនម្នាក់ ទាស់គ្នា តាមរយៈការលេងហ្វេសប៊ុក

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នេះបានចំជាចិត្តសាហាវមែនគ្រាន់តែទំនាស់គ្នា តាមរយៈលេងហ្វេសបុកសោះ ក្មេងទំនើងចិត្តខ្លាំងចំនួន២នាក់ បានស្វែងតាមរកគូទំនាស់ឃើញ ទាញកាំបិតកាប់ចំក របួសធ្ងន់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំ​ដោយ​ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាប ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយនាំយកមកបញ្ជាការមូលដ្ឋាន ដើម្បីសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ​ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២​ ម្នាក់ឈ្មោះ​ កែវ វាសនា និងម្នាក់ទៀតឈ្មោះ សួង សាវ័ន្ត រស់នៅក្នុងក្រុងប៉ោយប៉ែត ។លោកបានបញ្ជាក់ឲ្យដឹងទៀតថា​ ៖​ នៅថ្ងៃកើតហេតុនោះក្រុមជនសង្ស័យមានទំនាស់ពាក្យសម្តីតាមរយៈលេងហ្វេសបុក ដោយជនរងគ្រោះធ្លាប់គំរាមវាយពួកគេជាច្រើនលើក ដោយសារក្រុមខ្លួនកើតទុកមិនសុខចិត្តក៏ប្រមូលបក្សពួក​ ៣នាក់ស្វែងរកជនរងគ្រោះឃើញហើយឈ្មោះ អាហ័ង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿន ថាច បណ្ដាលឲ្យរងរបួសត្រង់កខាងឆ្វេងធ្ងន់ធ្ងរ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ​ អាហ័ង បានគេចខ្លួនបាត់ ក្រោយមកកម្លាំងអាវុធហត្ថឃាត់ខ្លួនបក្ខពួកបានចំនួន២នាក់។

បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុង កសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ហើយកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ ចំណែកជនសង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃដល់ហើយកំពុងគេចខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនឲ្យគេបង្កភ្លៀងផ្គរតាមទំនើងចិត្តនោះឡើយ ៕

មតិយោបល់