ភ្នំពេញៈ មេតាណុលចំនួន២០ធុង មេថ្នាំចំនួន១២កាន និងសម្ភារៈមួយចំនួនទៀត ត្រូវបានកម្លាំងចម្រុះ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ចុះទៅបង្ក្រាបដល់ទីតាំងស្តុក ស្ថិតនៅផ្ទះលេខ២៨ ផ្លូវបេតុងលេខ១១ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ក្នុងប្រតិបត្តិការខាងលើ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ អនុញ្ញាតិពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ លោក យិន គា នាយករដ្ឋបាលខណ្ឌពោធិសែនជ័យ កម្លាំងសមត្ថកិច្ច នគរបាល អាវុធហត្ថ ជំនាញកាំកុងត្រួល អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងប្រចាំខណ្ឌពោធិសែនជ័យ ។
លោកអភិបាលរងបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញស្រាវជ្រាវ រកឃើញទីតាំងខាងលើ មានម្ចាស់ជាជនជាតិចិន មានស្តុកអាល់កុលក្លែងក្លាយ (មេតាណុល) និងស្ភារៈផ្សេងៗ សង្ស័យថាអត់ច្បាប់អនុញ្ញាតិនាំចូល ។
ហើយក្នុងការត្រួតពិនិត្យ និងចម្លើយពីម្ចាស់ទីតាំង ជាជនជាតិចិន មានមេតាណុលចំនួន២០ធុង ក្នុង១ធុងស្មើ២១០លីត្រ សរុប៤២០០លីត្រ , មេថ្នាំ សម្រាប់លាយប្រើលាប ជូតស្បែកជើង ចំនួន១២កាន ក្នុង១កានស្មើ៥០គីឡូក្រាម ហើយក្រៅពីមេតាណុល និងមេថ្នាំ សមត្ថកិច្ចបានរកឃើញសម្ភារៈពាក់ព័ន្ធមួចំនួនទៀត ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សម្ភារៈទាំងអស់សម្រេច រក្សាទុកនៅក្នុងទីតាំងខាងលើ ផ្តុំមួយកន្លែង ប្រគល់ឲ្យអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន មើលការខុសត្រូវ ដោយឃ្លុំបេទុក រីឯម្ចាស់ទីតាំង បុរសជនជាតិចិន ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់