ព័ត៌មានជាតិ

សាហាវណាស់! រថយន្តតូយ៉ាតាមួយបាំងកន្លះ បើកបុកដើមឈើ ដាច់រថយន្តជាពីរ ស្លាប់មនុស្សម្នាក់

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តយ៉ាងលឿនចេញពីផ្ទះ នៅម្តុំព្រែកតាមាក់ បានពាក់កណ្តាលផ្លូវ ស្រាប់តែរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យដាច់រថយន្តជា២ ខណៈអ្នកបើកស្លាបបាត់បង់ជីវិត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបុរីកាំកូស៊ីធី ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ ឆុន សាម៉ន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរធ្វើតុការ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ស្លាប់)។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ាតាមួយបាំងកន្លះ ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ2D-4130 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវបុរីអង្គរ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងថា គាត់មានបញ្ហាអ្វីទេ បានបើករថយន្តលឿន
ហើយរេចង្កូតជ្រុលទៅបុកដើមកាខ្ចា បណ្តាលឲ្យបោករថយន្តដាច់ជា២ ខណៈអ្នកបើកបររថយន្តគាបជាប់រថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗនោះក៏មានសមត្ថកិច្ចចុះមកដល់ ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះ ដើម្បីមកដឹកជនរងគ្រោះ យកទៅព្យាបាល ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅលើរថយន្តតែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញសតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក សមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក៕

មតិយោបល់