ព័ត៌មានជាតិ

ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវ ម៉ូតូសណ្តោងរ៉ឺម៉កបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ: ម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយយុវជនម្នាក់ បុកម៉ូតូស្មាក់វីជិះគ្នា ៥នាក់ ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ទល់មុខវត្តទួលសុភាឃួន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកទុយយោក្បាលរុំមណេបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿលុះដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ខ្មៅលាយក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1Y-9969 ជិះគ្នា ៥នាក់ បើកបរដោយបុរសម្នាក់ ដឹកប្រពន្ធ និងកូនតូច ៣នាក់បញ្រ្ជាសទិសដៅចរាចរណ៍ឆ្លងផ្លូវមិនប្រយ័ត្ន បណ្តាលឲ្យម៉ូតូសណ្តោងរ៉ឺម៉កខាងលើនោះបុកយ៉ាងពេញទំហឹង កូនតូច ៣នាក់ រងរបួសធ្ងន់ និងបុរសជាឪពុកដែលបើកម៉ូតូ បាក់ជើងឆ្វេងស្រ្តីជាម្តាយរងរបួសស្រាល ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯតាកុងម៉ូតូសណ្តោងរ៉ឺម៉កវិញ រងរបួសចង្កេះស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញ ឲ្យមកវាស់វែងយកម៉ូតូទាំង ២គ្រឿងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់