ភ្នំពេញៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថា អាល់កុលក្លែងក្លាយ (មេតាណុល) ដែលជាសារធាតុពុលមិនអាចយកប្រើប្រាស់ ក្នុងការកំចាត់មេរោគសរុបជាង ៦ម៉ឺន ៤ពាន់លីត្រ ត្រូវបានសមត្ថកិច្ចចម្រុះ សហការជាមួយសាលារាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញធ្វើការបំផ្លាញចោល។
ប្រតិបត្តិការនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅទីតាំងស្ថានីយ៏បូមទឹកស្អុយទី១ ទំនប់កប់ស្រូវ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ឯកឧត្តម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នៅក្នុងពេលស្ថានភាពប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល កំពុងតែជួបប្រទះ នូវការរាតត្បាតនៃវីរុសកូវីដ១៩ តម្រូវការអាល់កុល ដើម្បីប្រើប្រាស់ជាសារធាតុសម្រាប់លាងសំអាតដៃ កំចាត់មេរោគ បានកើនឡើងយ៉ាងខ្លាំង ដែលជាហេតុដែលបង្កឱ្យមានការឆ្លៀតឱកាសកេងចំណេញផ្នែកសេដ្ឋកិច្ច ពីសំណាក់ជនខិលខូចមួយចំនួន ដោយលួចបន្លំចែកចាយ នូវអាល់កុលក្លែងក្លាយ (មេតាណុល) ដែលជាសារធាតុពុល មិនអាចយកទៅប្រើប្រាស់ ក្នុងការកំចាត់មេរោគ និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងនោះដែរ អគ្គនាយក ក.ប.ប. ដែលមានអាណត្តិផ្តល់ដោយច្បាប់បាន បន្តស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាប បានជាបន្តបន្ទាប់នូវសារធាតុមេតាណុលទាំងនេះដែលជនខិលខូចដាក់លក់ក្នុងរូបភាពជាអាល់កុលសម្រាប់ប្រើប្រាស់កំចាត់មេរោគ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភ័នច្រឡំជាអាលកុលពិត។
អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការ ប្រកបអាជីវកម្ម ដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕
មតិយោបល់