ព័ត៌មានជាតិ

ភ្ញាក់ផ្អើលខ្លាំងពេលឃើញបុរសម្នាក់បែកពពុះមាត់លើកង់បី

ភ្នំពេញៈបុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ត្រូវបានគេប្រទះឃើញដេកបែកពពុះមាត់លើកង់បីឥណ្ឌារបស់ខ្លួនដោយសង្ស័យថាទំនងត្រូវបានជនសង្ស័យដាក់ថ្នាំយកទូរស័ព្ទដៃនោះ។

ហេតុការណ៍នេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចខាងមុខដីឡូតិ៍ គ្មានលេខ ផ្លូវបេតុងមាត់ប្រឡាយ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្តកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សែ យ៉ុម អាយុ ៤០ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានទីលំនៅភូមិព្រៃលាន ឃុំ រំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុ គេបានឃើញកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ កណ្តាល១AF-9989 មួយគ្រឿងបានបើកមកចតទុកនៅខាងក្រោមដើមឈើមួយដើមនៅខាងមុខដីឡូតិ៍ខាងលើអស់រយះពេលជាច្រើនម៉ោងមិនព្រមទៅណា ដោយមានការសង្ស័យប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នាទៅមើលក៏បានឃើញបុរសម្នាក់នៅដេកបែក ពពុះមាត់នៅលើកង់ទើបបង្ករការភ្ញាក់ផ្អើលកើតឡើង ដោយសង្ស័យថា ត្រូវបានជនសង្ស័យដាក់ថ្នាំយកទូរស័ព្ទដៃ និងរាយការណ៍ទៅប្រាប់កម្លាំងនគរបាលមូលដ្ឋានឱ្យដឹងពីរឿងនេះ។
ក្រោយពេលកើតហេតុកម្លាំងបានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុងមកដឹកជនរងគ្រោះខាងលើនេះយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯកង់បីឥណ្ឌារបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ស្ទឹង មានជ័យទី៣ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅវិញ៕

មតិយោបល់