ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បុរសខាងលើ ត្រូវបានគេថាស្គាល់ឈ្មោះ នួន សុផល អាយុ៦៥ឆ្នាំ មានលំនៅផ្ទះលេខ ៥៧EOផ្លូវលេខ ១៨២ សង្កាត់អូរឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសខាងលើ បានជិះម៉ូតូឌុប ឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កណ្តាលស្ពាន ក៏ឲ្យម៉ូតូឌុបឈប់ ហើយបុរសនោះ ក៏បានតោងបង្កាន់ដៃស្ពាន លោតទម្លាក់ខ្លួន ទៅក្នុងទន្លេលិចផ្លិបបាត់តែម្តង។
ទាក់ទិនការធ្វើអត្តឃាតនេះ គេពុំដឹងថា បុរសចំណាស់រូបនោះ មានវិបត្តិអ្វីនោះទេ។ ដោយក្រោយកើតហេតុ គេឃើញក្រុមគ្រួសារ រួមមានកូនស្រី ធ្វើដំណើរមកដល់ ព្រមទាំងទិញផ្លែប៉ម មកសែននៅលើស្ពាន ហើយចាត់ចែងជួលទូកខ្មែរអ៊ិស្លាម ក្នុងតម្លៃ ៦០០ដុល្លារ ដើម្បីរាវរកសព៕
មតិយោបល់