ព័ត៌មានជាតិ

អធិការបតីអាល្លឺម៉ង់ ព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ បើហ៊ានឈ្លានពានអ៊ុយក្រែន

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានព្រមានរុស្ស៊ីជាថ្មីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានចូល អ៊ុយក្រែនមែនោះ។

រុស្ស៊ី នៅតែបដិសេធថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើប្រទេសណាមួយទេ បើទោះជាសហរដ្ឋអាមេរិកព្រមានថារុស្ស៊ីអាច នឹងឈ្លានពានអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះក៏ដោយ។

យើងចង់បានសន្តិភាព ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះ នោះគឺបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់អឺរ៉ុប។ ការឈ្លានពានដោយយោធា រុស្ស៊ី ប្រឆាំងអ៊ុយក្រែននឹងបង្កផលវិបាកធ្ងន់ធ្ងរទាំងនយោបាយ និងសេដ្ឋកិច្ចសម្រាប់រុស្ស៊ីខ្លួនឯង។ ក៏ប៉ុន្តែ យើងបានត្រៀមខ្លួនជាស្រេច ដើម្បីបើកកិច្ចសន្ទនាជាមួយ រុស្ស៊ីស្ដីពីបញ្ហាសន្តិសុខអឺរ៉ុប»។ នេះជាការលើកឡើងរបស់លោក Olaf Scholz ប្រាប់អ្នកសារព័ត៌មាន នៅឯជំនួបជាមួយមេដឹកនាំមកពីប្រទេសក្នុងតំបន់បាល់ទិក ក្នុងទីក្រុងប៊ែរឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់