ព័ត៌មានជាតិ

ចោរឆក់កំពុងនិយាយថ្លៃជាមួយអ្នកទិញ ស្រាប់តែម្ចាស់ និងអាវុធហត្ថទៅទាន់ឃាត់ខ្លួនតែម្ដង

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ ឈិន សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក IPhone7 Plus ពណ៌ក្រហម ពីក្មេងប្រុសម្នាក់អាយុ ០៣ឆ្នាំ ដែលកំពុងឈរកាន់លេងនៅមុខផ្ទះជាមួយម្តាយ នៅចំណុចភូមិចម្រើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី ហើយជនសង្ស័យ បានជិះគេចខ្លួន និងយកទូរស័ព្ទនោះទៅលក់នៅផ្សារ កាណាស៊ីធី ខណ្ឌពោធិ៍សែនជ័យ តែដោយសារទូរស័ព្ទនោះ មានជាប់ ICloud ទើបឪពុករបស់ក្មេងឆែកឃើញទីតាំងរបស់ជនសង្ស័យ ហើយតាមរកដល់កន្លែងដែលជនសង្ស័យបានយកទូរស័ព្ទទៅលក់ ក៏បានប្តឹងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឲ្យធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានឆក់ទូរស័ព្ទដៃ ពីក្មេងប្រុស អាយុ ០៣ឆ្នាំ ខាងលើ ពិតប្រាកដមែន ហើយរូបគេបានយកទូរស័ព្ទនោះទៅលក់នៅផ្សារកាណាស៊ីធី ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈដែលរូបគេកំពុងនិយាយតម្លៃជាមួយអ្នកទិញ ស្រាប់តែឪពុកក្មេងនោះមកទាន់ និងមានសមត្ថិកិច្ចអាវុធហត្ថមកជាមួយ ឃាត់ខ្លួនតែម្តង៕

មតិយោបល់