ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការដកហូតរថយន្តតូយូតាព្រូស១គ្រឿង ដែលជនសង្ស័យជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់ពីបុរសជាជនជាតិចិនគ្នាឯង បានសម្រេច ហើយបើកយកទៅផ្លុងចោល នៅមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ត្រូវសមត្ថកិច្ចតាមរកឃើញ យកទៅរក្សាទុក។
ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខអាគារ ស្នាក់នៅឌីធីធី តាមបណ្ដោយផ្លូវសុភមង្គល ស្ថិតក្នុងមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលជនសង្ស័យ បើកយកមកផ្លុងចោលនោះ ម៉ាកតូយូតាព្រូស ពណ៌ខៀវខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 2AW-6277។ រថយន្តខាងលើ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជនរងគ្រោះទេ គឺគ្រាន់តែជារថយន្តដែលជួលពីម្ចាស់ដើមជាជនជាតិខ្មែរ យកមកទុកបើកតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៧យប់ថ្ងៃដដែល ជនរងគ្រោះ ត្រូវបានជនសង្ស័យម្នាក់ ដែលជាជនជាតិចិនដូចគ្នា បានយកកាំបិតមកភ្ជង់ គំរាមប្លន់យករថយន្តបានសម្រេច នៅត្រង់ចំណុចផ្លូវ១១១ កែងនិងផ្លូវ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ខណៈជនរងគ្រោះ កំពុងតែរៀបចូលទៅបើករថយន្ត ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងលើ។
ភ្លាមៗនោះ ជនរងគ្រោះ បានទាក់ទងប្រាប់ម្ចាស់រថយន្ត និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍ផងដែរ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញកម្លាំងតាមស្វែងរកតែម្តង។ ដោយរថយន្តមានភ្ជាប់ប្រព័ន្ធជីភីអេស ទើបសមត្ថកិច្ច ធ្វើការឆែកមើល ហើយបានស្វែងអស់រយៈពេលប្រមាណ៤ម៉ោង ក៏បានប្រទះឃើញរថយន្តខាងលើ មកឈប់ចតចោលនៅចំណុចកើតហេតុ ខណៈដែលជនសង្ស័យគេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ទុកវ៉ាលី និងកាបូបដាក់ខោអាវចំនួនពីរ នៅក្នុងរថយន្តផងដែរ។
ក្រោយកើតហេតុជនរងគ្រោះ និងម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបឹងព្រលិត ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹង។ ដោយឡែករថយន្ត ត្រូវបានអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់