ព័ត៌មានជាតិ

ករណីបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ត្រី ឆក់ស្លាប់នៅក្នុងស្រះទឹកក្រោយផ្ទះ

កណ្ដាលៈ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មានករណី ឆក់ត្រី ឆក់ខ្លួនឯង(ស្លាប់) នៅវេលាម៉ោងប្រហែល ៥និង៥៥នាទី ចំណុចស្រះទឹកខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ចុច សរ ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
-ខ្សែភ្លើងប្រវែង៧៥ម៉ែត្រ
-ដងឫស្សីប្រវែង៤ម៉ែត្រ មានចង
-ដែកជាប់ជាមួយ សម្រាប់ឆក់ត្រី។

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺសាក្សីជាប្រពន្ធឈ្មោះ ម៉ៅ ចន្ថា ភេទស្រី អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិជាមួយគ្នា បានប្រាប់ឲ្យដឹងថាខ្លួនងើបពីដេកនៅម៉ោងប្រហែល ៤និង៤០នាទី អត់ឃើញជនរងគ្រោះ ពេលនោះខ្លួន ដើររកមិនឃើញ ហើយ នឹកឃើញថា ជនរងគ្រោះធ្លាប់តែទៅឆក់ត្រីនៅខាងក្រោយផ្ទះ ។ ពេលនោះខ្លួនដើរទៅខាងក្រោយផ្ទះ មើលពីចំងាយឃើញមានភ្លើងពិល ក៏រត់ទៅមើលឃើញជនរងគ្រោះ ដេកនៅអែបរបង លួសសំណាញ់ និងឃើញពិលនៅនឹងដី ព្រមទាំងមានរាយខ្សែភ្លើងឆក់ត្រី​ ហើយខ្លួន ក៏មកដកឌុយភ្លើងចេញ ហើយស្រែកហៅកូននិងបងប្អូនជិតខាង​ ឲ្យមកជួយជនរងគ្រោះ ឆក់ចរន្តអគ្គិសនីហើយ ពេលនោះបាន នាំគ្នារត់ទៅមើលឃើញថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកមេភូមិត្រពាំងទន្លាប់បានរាយការណ៍ ប្រាប់ប៉ុស្តិ៍រដ្ឋបាលសំរោងលើ​ សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួម ប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ លោកក្រុម ប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនិងប្រពន្ធ បង ប្អូន សព បានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីទេ។

ការសន្និដ្ឋាន៖​ លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះ ស្លាប់ដោយសារខ្សែភ្លើងឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ សពបានប្រគល់ជូនក្រុមគ្រួសារ​ ជនរងគ្រោះយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

មតិយោបល់