ព័ត៌មានជាតិ

ថ្ងៃតែមួយមានគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា បណ្តាលឲ្យស្លាប់មនុស្ស១នាក់ របួសធ្ងន់ស្រាល១០នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃតែមួយមានគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា បណ្តាលឲ្យស្លាប់មនុស្ស១នាក់ របួសធ្ងន់៦នាក់ របួសស្រាល៤នាក់ នៅស្រុកមង្គលបូរី១ករណី និងក្រុងសិរីសោភ័ណ១ករណី។

លោកវរសេនីយ៍ឯក សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ បានឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍ករណីទី១ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១៥៩ត្រង់ចំនុចភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រវាងម៉ូតូហុងដាសេ១២៥ គ្មានស្លាកលេខ បើកពីត្បូងទៅជើង លុះបើកមកកន្លែងកើតហេតុបានឡើងជែងរថយន្តឆ្នៃក្នុងទិសដៅស្របគ្នាមិនមើលឧបសគ្គខាងមុខក៏ទៅបុកប៉ះជាមួយរថយន្តកាមរី ឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ 2H 2402 បណ្តាលឲ្យស្លាប់១នាក់ស្រី អ្នកបើកម៉ូតូ និងក្មេងស្រីរួមដំណើររបួសស្រាល ។មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះមកពីម៉ូតូបើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនពាក់មួកការពារសុវត្ថិភាព ចំណែកអ្នកបើករថយន្តរត់គេចបាត់ ឯសពស្ត្រីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលពិនិត្យរួច។ វត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

លោកនាយការិយាល័យបានឲ្យដឹងទៀតថា ៖ ចំណែកករណីទី២ នៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ផ្លូវជាតិលេខ៥ ចំនុចស្រះដើមអំពិល ស្ថិតនៅត្រង់ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តកាមរីឆ្លាម ស្លាកលេខ ភ្នំពេញ 2C 7018 បើកក្នុង ទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុឡើងជែងរថយន្តខាងមុខ បណ្តាលឲ្យជ្រុលទៅបុករថយន្តហាយឡេនដឺ ពាក់ស្លាកលេខ ភ្នំពេញ 2U 6148 បើកច្រាសទិសគ្នាបណ្តាលឲ្យអ្នកជិះក្នុងរថយន្តឆ្លាមរបួសធ្ងន់៥នាក់ ស្រី២នាក់ និងអ្នករួមដំណើររថយន្តហាយឡេនដឺ របួសស្រាល៣នាក់។

លោកនាយការិយាល័យនគរបាលចរាចរណ៍បានបញ្ជាក់ថា ៖ មូលហេតុកើតមានគ្រោះថ្នាក់នេះមកពីរថយន្តកាមរីឆ្លាមប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជនរងគ្រោះរងបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តឆ្លាម ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ដើម្បីបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ។រីឯវត្ថុតាងរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅស្នងការដ្ឋាន រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់