កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចស្រុកបន្ទាយមាស បានឃាត់ខ្លួនជនល្មើសម្នាក់ ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទំងន់ទោស បន្ទាប់លួចទ្រព្យសម្បត្តិអ្នកដទៃ ប៉ុន្តែដោយម្ចាស់ភ្ញាក់ទាន់ ក៏បានកាប់ជាច្រើនកាំបិត ទៅលើមនុស្សទាំងអស់ក្នុងផ្ទះតែម្តង រួចរត់គេចខ្លួនបាត់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅ ភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។
មន្ត្រីនគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ផេង សន ហៅចយ ភេទប្រុស កើតឆ្នាំ ២០០០ រស់នៅភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរគ្មាន ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម (ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០) ។ ចំណែកឯជនរងគ្រោះ គឺជាក្រុមគ្រួសារស្រី្តមេម៉ាយ មួង ជ្រឹម រស់នៅ ភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។
ក្រោយពីមានហេតុការណ៍ កើតឡើងជនរងគ្រោះ ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់