កំពង់ស្ពឺ:សកម្មភាពការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពុងតែយ៉ាងអានាធិបតេយ្យ ដោយមានការឃុបឃិតបើកភ្លើងខៀវ ពីសំណាក់មន្ត្រីការពារសត្វព្រៃឈរជើងក្នុង តំបន់នោះ ឱ្យមានការកាប់បំផ្លាញយ៉ាងរង្គាល ដោយមិនបានទប់ស្កាត់បង្ក្រាបនោះឡើយ ។
តំបន់ការពារ ដែនជំរកសត្វ ព្រៃភ្នំឱរ៉ាល់ ចែកចេញជា ០៣ ដែលកំណត់ព្រះរាជក្រឹត្យ ក្នុងឆ្នាំ១៩៩៣ ត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាន មានតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ តំបន់ឱរ៉ាល់ ខេត្តពោធិសាត់ និងតំបន់ឱរ៉ាល់ ខេត្តកំពង់ឆ្នាំ ដោយមន្ត្រីរបស់ក្រសួងបរិស្ថាន ជាប្រធាន មន្ទីរបរិស្ថានខេត្តនីមួយៗ ជាអនុប្រធាន និងសមាជិក ក្នុងគ្រប់គ្រងការពារព្រៃឈើជាជម្រកសត្វគ្រប់ប្រភេទ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ព្រៃឈើទាំងនោះកំពុងរងការ វិនាសហិនហោចស្ទើរតែទាំងស្រុង ព្រោះតែក្រុមមន្ត្រីការពារដែនជម្រកសត្វឃុបឃិត ជាមួយឈ្មួញរកស៊ីធំៗ បើកឱ្យមានការកាប់បំផ្លាញ និងដឹកជញ្ជូនឈើបែបអានាធិបតេយ្យទាំងយប់ទាំងថ្ងៃ ។
លោក ជា ហ៊ាន ប្រធានអង្គការ ប្រឆាំងអំពើពុករលួយ ការពារសិទ្ធពលរដ្ឋ និងធនធានធម្មជាតិ បានប្រាប់ថា ជារៀងរាល់ថ្ងៃសកម្មភាពកាប់បំផ្លាញព្រៃឈើកំពុងកើតមានពេញបន្ទុកក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ឆ្នាំង ប៉ុន្តែមិនមានការទប់ស្កាត់ ឬបង្ក្រាបពីសំណាក់មន្ត្រីបរិស្ថានឡើយ ផ្ទុយទៅវិញមានតែការឃុបឃិតជាមួយក្រុមឈ្មួញក្នុងការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់បន្តិចបន្តួចនោះ ថែមជាថ្នូរប្រាក់យកដាក់ហោប៉ៅប៉ុណ្ណោះ ។
លោក ជា ហ៊ាន បន្តថា ក្រុមការងាររបស់លោកបានចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ បានរកឃើញមានបទល្មើសដឹកព្រៃឈើ ជញ្ជូនឈើដោយខុសច្បាប់តាមគោយន្តកន្ត្រៃចេញពីតំបន់ដែនជម្រកសត្វព្រៃកំពង់ស្ពឺ និងពោធិ៍សាត់ តាមច្រកស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ យ៉ាងគគ្រឹកគគ្រេងពុំមានការបង្ក្រាបទេ ។ លោក បន្តថា ប្រសិនបើគ្មានការទប់ស្កាត់ទេទោះព្រៃឈើក្នុងតំបន់អភិរក្សទាំងកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំ និងកោះកុង ពិតជារលាយមិនខាន ។
សូមរំលឹកថា ក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានរងការគំរាមកំហែង ពីសំណាក់ក្រុមឈ្មួញរកស៊ីឈើខុសបានជួលកម្មករឡើងភ្នំដើម្បីកាប់ឈើប្រណិតគ្រប់ប្រភេទរលាយស្ទើរទាំងស្រុង រហូតសព្វថ្ងៃនេះ ឈើចម្រុះទាំងតូច និងធំបន្តការកាប់គ្មានសល់ ហើយមន្ត្រីជំនាញបរិស្ថានដែលគ្រប់គ្រងក្នុងតំបន់នោះសំងំប្រមូលលុយពីបទល្មើសដែលកើតមានឡើង ក្នុងដែនអភិរក្សសត្វព្រៃ ។
ប្រភពច្បាស់ការណ៍មួយ បានប្រាប់ថា ក្នុងដីក្រុមហ៊ុន ចិននៅតំបន់ជាំ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់បាន លួចដាក់ម៉ាស៊ីនអាឈើខុសច្បាប់ប្រភេទរ៉ៃបញ្ឈរប្រមាណ ៤ទៅ ៥គ្រឿង ដែលសុទ្ធ ជាថៅកែឈើធំប្រចាំស្រុកឱរ៉ាល់ ហើយម្ចាស់ម៉ាស៊ីនទាំងនោះបានបង់លុយទៅមន្ត្រីជំនាញបរិស្ថាន ប៉េអិម ទាហាន ប៉ូលិសគ្រប់ស្ថាប័ន ក្នុងមួយខែៗរាប់ពាន់ដុល្លារ ។
ពាក់ព័ន្ធករណីកើតមានបទល្មើសព្រៃក្នុងតំបន់ការពារសត្វព្រៃភ្នំឱរ៉ាល់ អ្នកយកព័ត៌មានព្យាយាមទាក់ទងតាមទូរស័ព្ទទៅលោក យ៉ង ភារម្យ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពង់ស្ពឺ បានទេព្រោះប្រព័ន្ធឆ្លើយថា មិនអាចទំនាក់ទំនងបាន ៕
មតិយោបល់