ភ្នំពេញ:អធិការនគរបាលខណ្ឌដូនពេញបានចេញប្រតិបត្តិការបង្រ្កាបទីតាំងកត់ និងចាក់បាល់ និងកន្ទុយលេខ ដុះស្លែមួយកន្លែងជាក់ស្តែង ដោយឃាត់ខ្លួនអ្នកចាក់ និងអ្នកកត់ចំនួន៦នាក់ រួមទាំងដកហូត ក្រដាសសំរាប់កត់ឆ្នោត និងបាល់ មួយចំនួនរួមនិងម៉ាស៊ីន Fax ចំនួន២គ្រឿងផងដែរ ។
ការបង្រ្កាបទីតាំងកត់ចាក់កន្ទុយលេខ និងបាល់នេះ បានធ្វើឡើងកាលពីវេលា៣រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ32-34Eoz ផ្លូវ១៥ ភូមិ៤ ក្រុម៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានសំងាត់ថា មានទីតាំងកត់កន្ទុយដ៏ធំនេះ បាននៅហ៊ានបើកលេងផ្កើន នឹងការហាមឃាត់របស់អាជ្ញាធរខណ្ឌដូនពេញជាពិសេសលោក គួច ចំរើន អភិបាលខណ្ឌធ្លាប់បានកោះអញ្ជើញអ្នកទទួលកត់ឆ្នោត នៅក្នុងមូលដ្ឋានទាំងអស់ត្រូវតែបញ្ឃប់ នូវការរកស៊ីកត់ឆ្នោតទាំងអស់គ្នា ហើយនៅទីតាំងនោះតែហ៊ានបើកកត់ចាក់តទៅទៀត នោះទើបលោក ហួត ចាន់យ៉ារ៉ាន់ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបតែម្តង ដោយឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះស្រីម្នាក់ព្រមទាំងដកហូតវត្ថុតាងជាក់ស្តែង រួមមានក្រដាសសំរាប់កត់ឆ្នោតបាល់ មួយចំនួន និងម៉ាស៊ីន Fax ចំនួន២គ្រឿងផងដែរ ។
លោកហួត ចាន់យ៉ារ៉ាន់ បានបន្តទៀតថា ក្រោយពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជា ឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រូវតែចុះស្រាវជ្រាវ និងចុះបង្ក្រាបល្បែងប្រភេទសីុសងទាំងអស់ក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់បទល្មើសដែលកើតមានឡើងដូចជា ឆក់ លួច និងប្លន់ ហើយរឹតបន្តឹងគោលនយោបាយ ឃុំ ភូមិ មានសុវត្តិភាពផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់