ព័ត៌មានជាតិ

មួយគ្រួសារពុលមិនដឹងមុខ ក្រោយពីហូបពងមាន់អាំង បង្អែម និងបុកល្ហុងរួច

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយបានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារមានសមាជិក ៥នាក់មានអាការៈពុលក្អួតចង្អោរ បង្កឲ្យមានការភ្ញាក់ផ្អើលត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។ហេតុការណ៍នេះបានកើតឡើងនៅភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ គ្រួសារជនរងគ្រោះ មាន ៖
១ /ឈ្មោះ ប៊ុន សារឿន ភេទប្រុស អាយុ ៤៩ឆ្នាំ (ប្តី)។
២ /ឈ្មោះ ខិម សារ៉ាយ ភេទស្រី អាយុ ៤២ឆ្នាំ(ប្រពន្ធ)។
៣ /ឈ្មោះ ប៊ុន កំសត់ ភេទប្រុស អាយុ ៨ឆ្នាំ(កូន)។
៤ /ឈ្មោះ ប៊ុន សារិន ភេទស្រី អាយុ ៦ឆ្នាំ (កូន) ។
៥ /ឈ្មោះ ឈូ រ៉ាឈាន ភេទស្រី អាយុ ៣ឆ្នាំ(កូន)។
អ្នកទាំងអស់គ្នាមានទីលំនៅភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុជនរងគ្រោះទាំង ៥នាក់ ត្រូវបានដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។

លោកអធិការបានបញ្ជាក់ថា៖ តាមការសាកសួរ នៅមុនពេលកើតហេតុជនរងគ្រោះទាំង ៥នាក់ ដំបូងបានទិញពងមាន់អាំង ដែលគេបើកម៉ូតូដើរលក់យកមកហូប បន្ទាប់មកពួកគាត់បានបុកល្ហុងដោយខ្លួនឯងហូប ក្រោយមកទៀតក៏បានទិញបង្អែមអ្នកលក់នៅភូមិយកមកហូប ។ លុះដល់យប់ម៉ោង ៧ជាង ក៏ស្រាប់តែមួយគ្រួសារគាត់នោះមានអាការៈក្អួតចង្អោរគ្រប់គ្នា ។

លោកអធិការបានបញ្ជាក់ទៀតថា៖ តាមការសន្និដ្ឋាន សង្ស័យជាពុលបុកល្ហុងដែលគាត់បុកហូបក្នុងក្រុមគ្រួសាររបស់គាត់ បើសិនជាពុលបណ្តាលមកពីពងមាន់អាំង ឬបង្អែមនោះ គឺអាចពុលមនុស្សមិនត្រឹមតែមួយគ្រួសារប៉ុណ្ណោះទេ។

បច្ចុប្បន្នជនរគ្រោះទាំង ៥នាក់ បានធូរស្រាល និងវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយដែរ៕

មតិយោបល់