ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ០៧និង៥០នាទី មានករណីមនុស្សស្លាប់ ឈ្មោះ LINGANNA GOPULA ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ S1960127 នៅចំណុចអាគារ ការដ្ឋានសំណង់លេខ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះ និងធ្វើសំណង់ជាមួយគ្នាបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ខ្លួនបានឃើញជនរងគ្រោះនិយាយទូរស័ព្ទជាមួយប្រពន្ធបណ្តើរយំបណ្តើរ ដោយប្រពន្ធសុំជនរងគ្រោះឲ្យផ្ញើលុយទៅស្រុក ក្នុងពេលដែលជនរងគ្រោះគ្មានលុយ ។
បន្ទាប់មកកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងការិយ៉ាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ក្រោមការសម្របសំរួលដោយ លោក សេង គីមឡាក់ ព្រះរាជអាជ្ញាររង បានធ្វើការត្រួតពិនិត្យលើសាកសព។
ការសន្និដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារសម្លាប់ខ្លួនឯង( ចងក ) បច្ចុប្បន្នសពត្រូវបានយកទៅតំកល់នៅវត្ដទឹកថ្លា ចំណែកសម្ភារៈរបស់សពមានទូរស័ព្ទ១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌា បានប្រគល់ឲ្យទៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុកបន្ត ៕
មតិយោបល់