ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុម បន្លំទៅលួចកាបូបលុយអស់ជាង ៥ពាន់ដុល្លារ នៅផ្ទះវីងម៉ាក់ ស្រីមាស

ភ្នំពេញ: ផ្ទះវីង ដូរលុយ លក់ដូរ មួយកន្លែង ត្រូវបានជនសង្ស័យមួយក្រុមគ្នា ៦នាក់ ស្រីម្នាក់ ជិះម៉ូតូ ៣គ្រឿង ទៅធ្វើសកម្មភាពចូលបន្លំលួចកាបូបលុយ អស់ជាង ៥ពាន់ដុល្លារ ហើយនាំគ្នាគេចខ្លួនបាត់អស់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅផ្ទះវីង ដូរលុយ យីហោ ម៉ាក់ ស្រីមាស តាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ ស្ត្រីរងគ្រោះ ជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ ខណ:ដែលកូនស្រីរបស់គាត់ជាប់រវល់ចេញទៅក្រៅ នៅផ្ទះតែម្នាក់ឯង ហើយក៏មានជនសង្ស័យចំនួន ៦នាក់ ស្រី១នាក់ ជិះម៉ូតូ ៣គ្រឿង មិនចាំម៉ាក មកឈប់ខាងមុខផ្ទះ ហើយមានជនសង្ស័យ ៣នាក់ ស្រីម្នាក់ក់ ចុះទៅរកទិញទឹកកកអនាម័យ ដោយស្ត្រីសង្ស័យជាអ្នក រកទិញ ចំណែក ២នាក់ទៀត សួររករបស់របរ តែមិនបានចាប់អារម្មណ៍នោះទេ ខណ:ដែលកំពុងជាប់រវល់ លក់ទឹកកក ច្រកថង់ថ្លឹងរួចហើយ ជនសង្ស័យប្រុស ២នាក់ ប្រាប់ថា ប្រញ៉ាប់ឡើង រួចក៏នាំគ្នាឡើងជិះម៉ូតូចេញបាត់អស់ លុះដើរទៅបំណងយកកាបូបលុយ ស្រាប់តែបាត់ពីក្នុងទូ ទើបភ្ញាក់ផ្អើល ឆោឡោ អ្នកជិតខាង សមត្ថកិច្ចចុះទៅសាកសួរដល់ទីតាំងខាងលើ ។

ដោយពិនិត្យមើលតាមរយ:កាមេរ៉ាសុវត្តិភាពជាក់ស្តែង ឃើញថា ល្បិចកលរបស់ជនសង្ស័យទាំង ៦នាក់ មាន ៣នាក់ អង្គុយលើម៉ូតូជាស្រេច មាន ៣នាក់ទៀតអ្នកចូល ស្ត្រីសង្ស័យម្នាក់ធ្វើជាអ្នកទិញទឹកកក ម្នាក់ទៀតជាអ្នកសួរ រករបស់របរ ម្នាក់ទៀតជាអ្នកចូលទៅលួចកាបូបលុយពីក្នុងទូ ។

ជុំវិញករណីបន្លំលួចកាបូបលុយនៅផ្ទះវីងខាងលើ សមត្ថកិច្ចចុះទៅសាកសួរ និងនាំស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹង និងបន្តធ្វើការស្រាវជ្រាវ ៕

មតិយោបល់