ភ្នំពេញៈ បុរសម្នាក់មកទិញទំនិញក្នុងម៉ាតហ្គារ៉ាស់សាំងធីភីភី ត្រូវបានជនសង្ស័យម្នាក់កាច់សោកយកទៅបាត់ បង្កការភ្ញាក់ផ្អើលនៅហ្គារ៉ាស់សាំង TPP តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្តុបវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ។
ជនរងគ្រោះឈ្មោះ រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរក្រុមហ៊ុនឯកជន ស្នាក់នៅម្តុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FU-4573 ដែលមានភ្ជាប់ប្រព័ន្ធ GPS ។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរពីផ្ទះមកម៉ាត នៅហ្គារ៉ាស់សាំង TPP ខាងលើដើម្បីទិញទំនិញ គ្រាន់តែចតម៉ូតូទុក បានដើរសម្ដៅចូលដល់ក្នុងម៉ាត ស្រាប់តែមានជនសង្ស័យម្នាក់ពាក់អាវពណ៌ផ្ទៃមេឃ និងពាក់មួកសុវត្ថិភាពដូចជានិស្សិត ធ្វើសកម្មភាពលួចកាច់សោរកម៉ូតូជិះចេញទៅបាត់។ នៅពេលភ្លាមៗជនរងគ្រោះបានឃើញពេលជនសង្ស័យជិះម៉ូតូក៏ស្រែកពីខាងក្នុងម៉ាតរត់មកខាងក្រៅ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនិងអ្នកចាក់សាំងផងដែរ។
យោងតាមសមត្ថកិច្ចបានប្រាប់ថា ម៉ូតូរបស់ជនរងគ្រោះបានដាក់ប្រព័ន្ធ GPS ដែលអាចធ្វើការបញ្ជាពន្លត់ក្នុងល្បឿន២០គីឡូដ៏ម៉ែត្រក្នុងមួយម៉ោង។
បច្ចុប្បន្នជនរងគ្រោះនិងនរគបាលប៉ុស្តិ៍ស្រះចកក្នុងតាមស្វែងរកតាមប្រព័ន្ធ GPS បង្ហាញតាមរយៈទូរស័ព្ទនិងកុំព្យួទ័រ ប្រទះបានឃើញម៉ូតូវិញក្រោយពីជនសង្ស័យយកទៅលាក់ទុកនៅក្នុងខណ្ឌឫស្សីកែវ៕










មតិយោបល់