ព័ត៌មានជាតិ

Update: រថយន្តដឹកទំនិញបើកកិនក្មេងស្រីសិស្សសាលាម្នាក់ បែកក្បាលស្លាប់

ភ្នំពេញៈ ក្មេងស្រីសិស្សសាលាម្នាក់ ត្រូវបានរថយន្តដឹកទំនិញខ្នាតធំ បើកកៀរ កិនក្បាលបែក និងដងខ្លួនស្លាប់មួយរំពេញ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចភូមិគោកឃ្លាង ផ្លូវលេខ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សាក្សីនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូមួយគ្រឿងម៉ាកឡែត ពាក់ស្លាកលេខ ភ្នំពេញ1DG-5985 ជាមួយប្អូនប្រុសជាអ្នកឌុបចេញសាលាឯកជន ប៊ែលធី ត្រឡប់មកផ្ទះ ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមួយគ្រឿង ប្រភេទដឹកទំនិញពាក់ស្លាកលេខ ព្រះសីហនុ3A-0863 បើកមកពីក្រោយ ស្របទិសគ្នាពីត្បូងទៅជើង បាន បើកមកកៀរ បណ្តាលឲ្យនាងធ្លាក់ពីលើម៉ូតូ ហើយចូលក្រោមកង់ឡានកិនបែកក្បាល និងដងខ្លួនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។

សាកសពឈ្មោះ វិន ស្រីណាង អាយុ១៥ឆ្នាំ សិស្សសាលាប៊ែធី សាខាពោធិចិនតុង និង មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

ចំណែករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះត្រូវបាននគរបាលនៃការិយាល័យចរាចរណ៍ ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលរាជធានីនាំយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់