កណ្ដាលៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង ៤០នាទី ចំណុចកើតហេតុមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ សម វុឌ្ឍី ភេទ ប្រុស អាយុ៤១ឆ្នាំ មានទីលំនៅនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរលក់ដូរ។
ជនសង្ស័យ ០១នាក់(ឃាត់ខ្លួន) ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
សម្ភារះវត្ថុតាងមាន៖ -ម៉ូតូមួយគ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1W.7281 មានលេខតួ និង លេខម៉ាស៊ីន 8022752។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ដែលមានភិនភាគខាងលើ មកពីផ្សារកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ(ក)ឃុំសំពៅពូន។ ពេលជិះមកដល់ផ្ទះរបស់ខ្លួន ជនរងគ្រោះ ក៏បានចតម៉ូតូទុកនៅខាងមុខផ្ទះដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ដើម្បីដាំស្លរ និងហាលខោអាវនៅខាងក្រោយផ្ទះ។ លុះប្រមាណជាងកន្លះម៉ោងក្រោយមក ទើបជនរងគ្រោះចេញមកខាងមុខផ្ទះមើលម៉ូតូ ក៏ស្រាប់តែបាត់ម៉ូតូតែម្ដង។
ភ្លាមៗនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន អោយជួយស្រាវជ្រាវតាមរក ។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ ០១នាក់ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ហើយក៏ធ្វើការឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។
នៅចំពោះមុខនគរបាលជនសង្ស័យ ពៅ វណ្ណារ៉ា បានសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ ០១គ្រឿងខាងលើ របស់ជនរងគ្រោះ សម វុឌ្ឍី ប្រាកដមែន និងបានជិះគេចចូលទៅក្នុងចំការស្វាយដែលម្ចាស់មិននៅ រួចបានដោះខ្បាំងនិងខោអាវម៉ូតូនេះលាក់ទុកក្នុងចំការស្វាយនោះដែលស្ថិតនៅភូមិពោធិ៍ ឃុំព្រែកស្ដី ស្រុកកោះធំ ហើយនៅលាក់ខ្លួនទីនោះរហូតដល់ម៉ោង៨និង០០នាទីថ្ងៃដដែលទើបជិះម៉ូតូនេះទៅទុកនៅក្នុង ផ្ទះរបស់ខ្លួនតែម្ដង៕
មតិយោបល់