ព័ត៌មានជាតិ

បុរសម្នាក់ត្រូវក្រុមក្មេងទំនើង គប់មួយដុំឥដ្ឋបែកក្បាលហូរឈាម រងរបួសធ្ងន់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចក្បែរនឹងវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីក្មេងទំនើងដេញវាយគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ រូបខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាបិច ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1ID-4524 ជិះគ្នា ៣នាក់ មិត្តភ័ក្រ ទៅលេងនៅរំវង់មូលនាងមឆ្ឆា ខណៈពេលដែលរៀបនឹងជិះទៅផ្ទះវិញក៏ត្រូវ បានក្រុមក្មេងទំនើងជាង ១០នាក់ ម៉ូតូ ៤ទៅ៥គ្រឿង បានជិះដេញតាមពីក្រោយហើយយកដុំឥដ្ឋយកទៅគប់ចំក្បាលយុវជនម្នាក់ ដែលក្នុងចំនោម ៣នាក់បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ហូរឈាម ជនរងគ្រោះបានទៅព្យាបាលនៅក្បែរនឹងកន្លែងកើតហេតុ បានមួយសន្ទុះក្រោយមកក៏សមត្ថកិច្ចធ្វើការដេញតាមសង្ស័យ ៤ម៉ូតូមានគ្នាជាង ៧ទៅ៨នាក់ ឃាត់បាន ៤នាក់ យកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារ បន្ទាប់មកឲ្យជនរងគ្រោះមកពិនិត្យមើលថា ពិតជាអ្នកធ្វើសកម្មភាពមែន ឫមិនមែន? ពេលជនរងគ្រោះមកដល់ប៉ុស្តិ៍ជ្រោយចង្វារឆ្លើយថា មិនមែននោះទេ ហើយសមត្ថកិច្ចក៏ធ្វើកិច្ចសន្យាអប់រំ ដើម្បីឲ្យត្រឡប់ទៅផ្ទះវិញ។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវ តាមចាប់ជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវ៕

មតិយោបល់