ភ្នំពេញៈ យុវតីម្នាក់ដើរលេងមិនចូលផ្ទះឪពុកម្តាយ ទ្រាំលែងបានកាត់ការួចមិត្តភ័ក្រដឹកទម្លាក់ចោល យំដេកននៀលក្បែរបង្គន់សារណៈ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតចំណុចក្បែរបង្គន់សាធារណៈ តាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យុវតីរងគ្រោះឈ្មោះ សុជាតា អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយគេមិនស្គាល់ឈ្មោះ ឪពុកម្តាយនាងទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពី ៣ខែមុន យុវតីរងគ្រោះមានប្រវត្តិឈឺជំងឺបេះដូង ហើយដោយសារជំងឺនេះ មិនធ្វើទុក្ខយុវតីខាងលើ បានដើរដាច់យប់ជាមួយមិត្តភ័ក្របាត់ៗ ពីផ្ទះពេលនោះឪពុកម្តាយភ័យណាស់ ខំស្វែងដើររករហូតបានជួបហើយឲ្យត្រឡប់មកផ្ទះវិញ តែនាងមិនស្តាប់បង្គាប់ឪពុកម្តាយឡើយគឺ មិនព្រមមកផ្ទះតាមការអង្វរករបស់ពួកគាត់នោះទេ ដោយខឹងខ្លាំងពេកពួកគាត់ក៏បានកាត់ការកូនស្រីម្នាក់នេះចោល មិនទទួលស្គាល់ជាកូនទៀតទេ។
ក្រោយមកកូនស្រីខាងលើ បានដើរលេងតាមមិត្តភ័ក្រមិនដឹងថា ទៅស្នាក់នៅកន្លែងណាខ្លះនោះទេ ហើយជួបទុក្ខលំបាកបែបណាក៏មិនដឹងច្បាស់ដែរ។
លុះមកដល់ព្រឹកថ្ងៃកើតហេតុមានគេឃើញមិត្តភ័ក្ររបស់នាង ៣ទៅ៤នាក់ បានដឹកយុវតីខាងលើមកទុកចោល នៅក្បែរបង្គន់សាធារណៈខាងលើ ហើយរហូតដល់ម៉ោងកើតហេតុគេឃើញយុវតីខាងលើ ទំនងជំងឺបេះដូងធ្វើទុក្ខបានចុកទ្រូងស្រែក ននៀលយំយ៉ាងយូរបង្កការភ្ញាក់ផ្អើលដល់ប្រាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យដោយខ្លាចនាងមានគ្រោះថ្នាក់ដល់ជីវិតសមត្ថកិច្ចបានទាក់ទងរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕
មតិយោបល់