ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ជនសង្ស័យ ២នាក់ ករណីលេងល្បែង បាញ់អាប៉ោង និងជល់មាន់

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ ២នាក់ ដែលជាក្រុមជនញៀនប្រព្រឹត្តលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង​ និងជល់មាន់​ដាក់ប្រាក់) ត្រូវបានកម្លាំនគរបាលខេត្តកំពង់ចាមចាប់ខ្លួននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទី ចំណុចភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ការចាប់ខ្លួននេះគឺបន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផងដែរ។

មុខសញ្ញាចំនួន ០២នាក់ ដែលត្រូវបង្ក្រាបមាន៖
១-ឈ្មោះ សែម​ សុភី ភេទប្រុស អាយុ ៥០ឆ្នាំ ជាតិខ្មែរ ។
២-ឈ្មោះ ម៉ៅ​ នី ភេទស្រី អាយុ ៤២ឆ្នាំ ជាតិខ្មែរ ។ ទាំង០២នាក់ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្រោយបង្ក្រាបនគរបាលបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
-ហាន់តោអាប៉ោងចំនួន០១ ចានអាប៉ោងចំនួន០១
-ផ្តិលជ័រគ្របអាប៉ោងចំនួន០១
-ប្រាក់ចំនួន៥៣ម៉ឺនរៀល(ហាសិបបីម៉ឺនរៀល)
-កាបូបស្ពាយពណ៌សូកូឡាចំនួន០១
-ទូរស័ព្ទចំនួន០២គ្រឿង
-ជញ្ជីងអេឡិចត្រូនិចចំនួន០១
-ស៊ុំក្រុងមាន់ចំនួន១៨
-មាន់ជល់ចំនួន១៧ក្បាល
-កញ្ចក់សំរាប់បាំងមាន់ជល់ចំនួន០១
-ម៉ូតូ ចំនួន១៣គ្រឿង
-កៅអីជ័រចំនួន០៥
-តុសំរាប់លេងអាប៉ោងចំនួន០១និងស្កុតរំខ្នាយមាន់ចំនួន០២ដុំ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

មតិយោបល់