កំពង់ធំៈ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧២.១៧៣ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកៀរម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឱ្យ របួសធ្ងន់០២នាក់ ។
ជនរងគ្រោះឈ្មោះ លន់ ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បើកបរម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ រងរបួសធ្ងន់ (ពាក់មួកសុវិត្ថភាព) ។ មានព្រះសង្ឃមួយព្រះអង្គបានរួមដំណើរជាមួយព្រះនាម ពើ ប៉ុម មានជន្មាយុ២០ព្រះវស្សា គង់នៅវត្តពោធិ៍ដំណាក់ ភូមិដំណាក់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ (បានរងរបួសធ្ងន់) ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯអ្នកបើកបររថយន្ត ម៉ាកឡិចស៊ីស RX330 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខខេមរភូមិន្ទ 2- 2946 ឈ្មោះ កាន់ សុខជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទាហាន រស់នៅភូមិ ជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ (បានបើករថយន្តរត់គេចពីកន្លែងកើតហេតុ ដល់ភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ទើបត្រូវបានកងរាជអាវុធហត្ថ ស្រុកប្រាសាទបល្ល័ង្គ ធ្វើការឃាត់ខ្លួន បានប្រគល់ឲ្យ សមត្ថកិច្ចស្រុកកំពង់ស្វាយ ទៅទទួលយកចាត់ការតាមផ្លូវច្បាប់ ។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ទើបណ្តាលឲ្យកៀរម៉ូតូ ដួលរងរបួសធ្ងន់២នាក់បែបនេះ ។
ក្រោយកើតហេតុ ជនបង្ករួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់