ព័ត៌មានជាតិ

ជួយស៊ែររកសាច់ញាតិផង! ប្រទះឃើញសពស្រ្តី អត់ស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងវត្តចម្ការខ្នុរ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្បែរមាត់ស្រះខាងក្រោយវត្តចំការខ្នុរ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីព្រះសង្ឃ ក៏ដូចជាអាចារ្យនៅក្នុងវត្តចម្ការខ្នុរថា ដំបូងមានបុរសម្នាក់បានជិះម៉ូតូកាត់តាមខាងក្រោយវត្តបានប្រទះឃើញមនុស្សដេកស្លាប់ ហើយបានប្រាប់ទៅព្រះសង្ឃក៏ដូចជាអាចារ្យនៅវត្ត ទៅមើលឃើញសពស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ ក្រោយមកបានរាយការណ៍ទៅនគរបាលមូលដ្ឋាន និងនគរបាលការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្ត សហការជាមួយគ្រូចុះពិនិត្យមើលស្ថាន​ភាពសាកសពជនរងគ្រោះ ។

ក្រុមការងារបានសន្និដ្ឋានថា សពអាចស្លាប់នៅអំឡុងពេលម៉ោង១រសៀល ព្រោះតាមការរៀបរាប់របស់អាចារ្យ នៅវត្តចម្ការខ្នុរនិយាយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៩ទៅម៉ោង១០ព្រឹក គាត់នៅបោសសំអាតក្នុងបរិវេណទីធ្លាមុខចេតីយ៍នោះពុំមានឃើញមនុស្សណាម្នាក់នោះទេ ។ ក្រោយមកនៅវេលាម៉ោងប្រហែលជា៣រសៀលជាងទើបដឹងថា មានគេឃើញមនុស្សស្រីម្នាក់ដេកស្លាប់ មុខចេតីយ៍ក្បែរមាត់ស្រះរួចហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាល ចុះមកពិនិត្យ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ស្ត្រីដែលដេកស្លាប់នេះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ទេ សពមានសម្បុរសស្រអែម កំពស់ប្រហែល១,៤០ម៉ែត្រ អាយុប្រហែល៥០ឆ្នាំ ស្លៀកសារុងស៊ឹង អាវយឺតដៃខ្លី ។ តាមការត្រួតពិនិត្យនៅលើដងខ្លួននៃសពមានស្លាកស្នាមចាស់ដេរប្រវែង១៤ស.មលើក្បាលជង្គង់ខាងស្តាំ ក្រៅពីនោះ គឺពុំមានស្លាកស្នាមអ្វីដែលទាក់ទងទៅនឹងអំពើឃាតកម្មឡើយ ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យក៏ដូចជាសមត្ថកិច្ចបានអះអាងជាជំហានដំបូងនេះថា ការស្លាប់របស់ស្ត្រីរងគ្រោះ គឺសង្ស័យ ១-កើតខ្យល់គ ទី២-ខ្វះជាតិស្ករធ្ងន់ធ្ងរ,ទី៣-ជំងឺតេតាណុះ​។ សពនេះសមត្ថកិច្ចបានស្នើសុំគោល​ការណ៍ព្រះរាជអាជ្ញាដើម្បីយកទៅបូជា នៅវត្តសមាធិផល ដើម្បីយកធាតុរក្សាទុកក្រែងមានបងប្អូនសាច់ញាតិមកទទួលយក ម្យ៉ាងវិញទៀតបើសិនជាមានបងប្អូនណាបាត់សមាជិកគ្រួសារមានភិនភាគដូចស្ត្រីដែលស្លាប់នេះ ​សូមទៅទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់អូរអំបិល ឬនគរបាលប៉ុស្តិ៍រដ្ឋបាលអូរអំបិល ៕

មតិយោបល់