ព័ត៌មានជាតិ

នគរបាលក្រុងក្រុងប៉ោយប៉ែត បង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបាន២នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា តែមួយថ្ងៃមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ស្រីម្នាក់ ត្រូវបានកម្លាំងនគរ បាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានចេញល្បាតក្នុងភូមិសាស្ត្រភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានជួបមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ សៀប ចាន់ស្នា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលកំពុងជិះម៉ូតូ ហើយបានហៅឲ្យឈប់ និងធ្វើការសាកសួរ ពេលនោះស្រាប់តែជនសង្ស័យភ័យខ្លួនក៏បានឲ្យម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនឲ្យសមត្ថកិច្ច រួចហើយកម្លាំងនគរបាលបាននាំខ្លួនជិះរថយន្តមកប៉ុស្តិ៍រដ្ឋបាល ។ ពេលជិះរថយន្តមកតាមផ្លូវជនសង្ស័យបានលួចទម្លាក់ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យជាថ្នាំញៀនចំនួន០២ថង់កណ្តាល ពីក្នុងហោប៉ៅខាងឆ្វេងទំលាក់ចោលក្នុងឡាន បន្ទាប់មកក៏ត្រូវសមត្ថកិច្ចយើងបានរកឃើញទាន់។ក្រោយពីឃាត់ខ្លួននិងសាកសួរចម្លើយជនសង្ស័យបានសារភាពថាគេលក់ថ្នាំញៀនរយៈពេល៦ខែហើយ ថ្នាំញៀនទាំង០៣ថង់នេះជារបស់នាងទិញយកទៅលក់ចែកចាយបន្ត។

អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តថា៖នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ២ និង៣០នាទីរសៀល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះល្បាតក្នុងភូមិសាស្រ្ត ពេលដល់ចំណុចអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានជួបមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ ជីម ដេត ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឆែកឆេររកឃើញថ្នាំញៀនចំនួន៦កូនថង់ ហើយបាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុង ។ជនសង្ស័យប្រុស ស្រីទាំង២នាក់និងវត្ថុតាងថ្នាំញៀនសរុបចំនួន៩ថង់តូចកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់