កណ្តាលៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ៣០នាទី ត្រង់ចំណុចផ្ទះឈ្មោះ ទ្រី កុសល ភេទប្រុស ស្ថិតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់។
ជនសង្ស័យទី១- ឈ្មោះ ទ្រី កុសល ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ (ម្ចាស់ផ្ទះ)
មានទីលំនៅភូមិ-ឃុំកើតហេតុ ទី២- ឈ្មោះឃុត វណ្ណដេត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ-ឃុំកើតហេតុ ទី៣- ឈ្មោះ ស្រ៊ុន រដ្ឋា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៤-ឈ្មោះ ហ៊ាង វត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
-បៀរចំនួន០១ហ៊ូ (ចំនួន៥២សន្លឹក)
-ប្រាក់រៀលចំនួន ១៣៣,០០០រៀល
-ក្រណាត់កម្រាល សម្រាប់លេងចំនួន០១
ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចផ្ទះឈ្មោះទ្រី កុសល់ មានមនុស្សប្រុសៗ កំពុងលេងល្បែងស៊ីសង(បៀរ) ក្នុងផ្ទះ។ ភ្លាមៗនោះ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដូចមានឈ្មោះខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី។
តាមការសួរបំភ្លឺទាំងបួននាក់ បានសារភាពថា ពួកគាត់ពិតជាបានលេងបៀរដាក់លុយពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕
មតិយោបល់