ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ មុខរោងចក្រ (ប៊ីណូ) ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត បុកនឹងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់។
រថយន្តម៉ាកហាយទ្បែនឌ័រ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AG-4690 បើកបរដោយឈ្មោះ ពេជ្រ បញ្ញា ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះ៦៣បេអឺ0 ផ្លូវ១៣៨ ភូមិ៧ សង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ធ្វើដំណើរពីត្បូងទៅជើង បានបុកជាមួយម៉ូតូម៉ាក (ហុងដាទ្រីម) ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1V-6025 បើកបរដោយឈ្មោះ យឿន ណាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករឃ្លាំងការ៉ូ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រុកកំណើតភូមិរ៉ូត ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ( ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យកាលម៉ែត្រ។
ហេតុការណ៍នេះ រថយន្ត និងម៉ូតូខូចខាតធ្ងន់។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់៖ ជនរងគ្រោះស្លាប់ ទើបចេញពីផឹកស៊ីផ្ទះជាមួយមិត្តភក្ដិ មានមុខរបរជាអ្នកលើកការ៉ូ ឯប្រពន្ធធ្វើការរោងចក្រ និងមានកូនម្នាក់ អាយុ២ឆ្នាំក្នុងបន្ទុក៕
មតិយោបល់