ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៤នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្ស២នាក់បានរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៩ ចន្លោះគីឡូម៉ែតលេខ១៩-២០ ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយម៉ូតូ១គ្រឿងបានបត់ចូលផ្ទះមិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលបានឲ្យដឹងថា មុនដំបូងមានម៉ូតូ០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អេង មុល ភេទប្រុស អាយុ៤២ឆ្នាំរស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(គ្មានមួកសុវត្ថិភាព)បើកបរទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុមុខផ្ទះរបស់គាត់ក៏បានបត់ឆ្វេង ស្របពេលនោះស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S-5493 បើ​កបរដោយឈ្មោះ វឿន វ៉ាត ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទិសដៅស្របគ្នានិងមានអ្នករួមដំណើរ០២នាក់(គ្មានមួកសុវត្ថភាពទាំងបី) ទៅបុកបណ្តាលឲ្យមានគ្រោះថ្នាក់តែម្តង បណ្តាលឲ្យជនឈ្មោះ អេង មុល ភេទប្រុស បើកម៉ូតូរបួសធ្ងន់ និងឈ្មោះ តួ អ៊ី ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់ (អ្នករួមដំណើរជាមួយម៉ូតូហុងដាឌ្រីមរបួសធ្ងន់) ចំណែកអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមឈ្មោះ វឿន វ៉ាត និងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាលឈ្មោះ ផុន រ៉ូប៉ឺត ភេទប្រុស របួសស្រាល ។

នគរបាលបានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នេះ មកពីអ្នកបើកបរម៉ូតូវេវ នៅពេលប្តូរគន្លងទិសបត់ឆ្វេងមិនបានមើលក្រោយ ចំណែកអ្នកបើកបរម៉ូតូហុងដាមានល្បឿនលឿន ពេលជួបឧបសគ្គជាន់ហ្វ្រាំងមិនទាន់កើតមានគ្រោះថ្នាក់តែម្តង ។ ចំពោះជនរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងម៉ូតូខូចទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បន្ទាប់មកនគរបាលជំនាញចរាចរណ៍វាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់