ព័ត៌មានជាតិ

បំបែកសំណុំរឿងឃាតកម្ម នៅមុខសាលាមត្តេយ្យវត្តកោះ ខណ្ឌដូនពេញ ចាប់ខ្លួនបានជនដៃដល់៥នាក់, ជនដៃដល់ម្នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ខណ្ឌមានជ័យ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការរួមគ្នាបំបែកសំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់ នៅមុខសាលាមត្ដេយ្យវត្តកោះ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ និងករណីឆក់បូកបណ្ដាលឲ្យជនរងគ្រោះស្លាប់។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បើតាមលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល ក្រោយទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ទោ ហែម បូណា ជានាយការិយាល័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវរួមគ្នា រហូតឈានដល់ការឃាត់ខ្លួន បានជនដៃដល់ចំនួន៦នាក់ជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានបន្ថែមថា ជនដៃដល់ទាំង៦នាក់នេះ គឺពាក់ព័ន្ធករណីឃាតកម្ម (ប្រើដុំថ្មវាយសម្លាប់) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ មុខសាលាមត្តេយវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងលួចមានស្ថានទម្ងន់ទោស (ឆក់បណ្តាលឲ្យជនរងគ្រោះស្លាប់) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥៖២០នាទី នៅចំណុចដីឡូត៍លេខ២ លើផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ជនសង្ស័យទី១៖ ឈ្មោះ ឡាយ ពេជ្យបញ្ញា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សុធា រ៉ាបី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ សុខ ឡេង អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ធារ៉ា អាយុ២០ឆ្នាំ, ទី៥៖ ឈ្មោះ ស៉ិន ទី អាយុ១៧ឆ្នាំ និងទី៦៖ ឈ្មោះ ទឹម ស៊ូសីហាតូ អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅចំណុច ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងនៅភូមិអរិយក្សត្យ ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពីធ្វើការសាកសួរបឋមជនសង្ស័យឈ្មោះ ឡាយ ពេជ្យបញ្ញា, ឈ្មោះ សុធា រ៉ាបី, ឈ្មោះ សុខ ឡេង, ឈ្មោះ សុខ ទី និងឈ្មោះ ទឹម ស៊ូសីហាតូ បានសារភាពថាពួកខ្លួន និងបក្ខពួកឈ្មោះ រ័ត្ន (ពៅ) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅទីតាំងកើតហេតុខាងលើពួកខ្លួន ពិតជាបានធ្វើសកម្មភាព វាយជនរងគ្រោះឈ្មោះ តាន់ ឡាយហួត បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ចំពោះឈ្មោះ ស៊ុន ធារ៉ា ពុំបានចូលរួមធ្វើសកម្មភាពជាមួយពូកខ្លួនឡើយ។

ដោយឡែក ឈ្មោះ ឡាយ ពេជ្យបញ្ញា ក៏បានសារភាពទៀតថា ក្រៅពីករណីខាងលើគឺនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ខ្លួន ជាមួយឈ្មោះ រ័ត្ន (ពៅ), ឈ្មោះ ឌីន និងឈ្មោះ វីន ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ហុង សុខចេង រួចមកជនរងគ្រោះបានជិះម៉ូតូដេញតាម ទើបជ្រុលទៅបុករទេះអេតចាយ បណ្តាលឲ្យដួលស្លាប់ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានបញ្ជាក់ដែរថា នៅពេលនេះកម្លាំងជំនាញកំពុងតែបន្តធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យខាងលើ ដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមច្បាប់។ ខណៈជនសង្ស័យដែលឃាត់ខ្លួនបាន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

មតិយោបល់