ព័ត៌មានជាតិ

ករណីប្អូនថ្លៃបាញ់បងថ្លៃ ០៣គ្រាប់ គេចខ្លួនបានជិត២ខែ ត្រូវអស់លក្ខណ៍ ហើយបន្ថែមបទល្មើសមួយទៀត!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងមន្ត្រីជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៤និង៤០នាទីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រួចរត់គេចខ្លួនបាត់ជិត០២ខែ ត្រូវបានកម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ រកឃើញតម្រុយ កំពុងលាក់ខ្លួន នៅខេត្តកោះកុង ទើបអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសហការជាមួយ អាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើការឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួន និងប្រពន្ធ បានទំនាស់ពាក្យសម្ដីជាមួយគ្នា នៅផ្ទះជួលចំណុចកើតហេតុ ខណៈនោះ ស្រាប់តែម្តាយក្មេក របស់ខ្លួន បានចេញមុខអន្តរាគមន៍ ហើយធ្វើការជេរមកលើរូបខ្លួនយ៉ាងខ្លាំង បន្ទាប់មកបងថ្លៃរបស់ខ្លួន ឈ្មោះ ប៊ុត តុលា ភេទប្រុស បានមកស្ដីបន្ទោសខ្លួនបន្ថែមទៀត និងមានបំណង នាំម្តាយក្មេក ប្រពន្ធ និងកូនខ្លួន ចាកចេញពីផ្ទះ តែខ្លួនមិនព្រមឲ្យចាកចេញ បងថ្លៃក៏បានបោះសម្ដីថា បើហែងខ្លាំងបាញ់អញមក ដោយរូបខ្លួនខឹងខ្លាំង ក៏ដកកាំភ្លើងខ្លីបាញ់ទៅលើបងថ្លៃ ចំនួន០៣គ្រាប់ រួចក៏គេចខ្លួន ទៅដេកផ្ទះសំណាក់ខេត្តកំពង់ស្ពឺមួយយប់ ទើបបន្តទៅលាក់ខ្លួននៅខេត្តកោះកុង រហូតដល់ថ្ងៃដែលអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

ក្នុងអំឡុងពេល សមត្ថកិច្ចអាវុធហត្ថធ្វើប្រតិបត្តិការ បានឆែកឆេបន្ទប់ជនសង្ស័យឈ្មោះ រស់ សូឌី និងបន្ទប់បក្ខពួកម្នាក់ទៀតឈ្មោះ នូច ភារ៉ា ដែលនៅក្បែរគ្នា រកឃើញអាវុធខ្លី០១ដើម គ្រាប់១៣គ្រាប់ ថ្នាំញៀន១២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន០១។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបគេធ្លាប់បានជាប់ពន្ធនាគារខេត្តកំពង់ស្ពឺរយៈពេល ០៩ខែ ពីបទជួញដូរគ្រឿងញៀន ទើបតែចេញវិញក្នុង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩៕

មតិយោបល់