ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​ករណី​លួច​គាស់​ទម្លុះយកទ្រព្យសម្បត្តិ និងប្រើសារធាតុញៀន

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​គាស់​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ​ )​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​ជនសង្ស័យ​ឈ្មោះ​ លឹ​ម​ សា​វុ​ធ​ ហៅ​ វុ​ធ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទៀប​ ខេត្តស្វាយរៀង​ បច្ចុប្បន្ន​រស់នៅ​មិន​ពិតប្រាកដ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២១​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ :​ នៅ​ថ្ងៃ​ទី​០៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​១៤​និង​០០​នាទី​ នៅ​ភូមិ​ ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​.​ខេត្តសៀមរាប​ ជនសង្ស័យ​ឈ្មោះ​ លឹ​ម​ សា​វុ​ធ​ បាន​ធ្វើ​សកម្មភាព​កាត់​ផ្តាច់​សោរ​របង​ និង​គាស់​ទ្វារផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ស៊​ត​ ណា​រី​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ខណ:​ ជន​រង​គ្រោះ​មិន​បាន​នៅផ្ទះ​ ហើយ​ចូល​លួច​យក​នាឡិកាដៃ​ចំនួន​០១​គ្រឿង​ ស្រា​ចំនួន​ ០១​ដប​ (​ស្រា​បារាំង​)​ និង​ ឧបករណ៍​បំពង​សម្លេង​(speaker)​ ចំនួន​០១​គ្រឿង​ ។​

​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​បាន​ហើយ​ ជនសង្ស័យ​បាន​ចេញពីផ្ទះ​ជន​រង​គ្រោះ​ បំរុង​ជិះ​ម៉ូតូ​គេចខ្លួន​ ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ឃើញ​ ក៏​ស្រែក​ឆោឡោ​ នឹង​រាយការណ៍​ដល់​សមត្ថកិច្ច​ ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ​ ។​

​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់