ព័ត៌មានជាតិ

សង្ស័យភ្លើងប្រចណ្ឌ! មន្ត្រីយោធាក្រសួងការពារជាតិ ពាក់សក្តិ៤ម្នាក់ បាញ់សម្លាប់ប្រពន្ធ ក្នុងរថយន្ត

ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្ម បុរសម្នាក់ បាញ់សម្លាប់ប្រពន្ធក្នុងរថយន្ត។

សង្ស័យឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួងការពារជាតិ ពាក់សក្តិ៤។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានដឹកសពភរិយាពីកន្លែងកើតហេតុ ទៅកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពេលទៅដល់ចំណុចខាងលើ បានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។

ប្រភពដដែល បានបន្តថា មុនកើតហេតុ មានការទាស់ពាក្យសម្ដីគ្នា អាចផ្ដើមចេញពីរឿងប្រចណ្ឌ ក៏មានការប្រតាយប្រតបគ្នា ប៉ះកាំភ្លើង ដែលបញ្ចូលគ្រាប់រួច ទើបបណ្តាលឲ្យផ្ទុះត្រូវចំប្រពន្ធស្លាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ទៅឲ្យសមត្ថកិច្ចរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់