បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករម្នាក់បានរងរបួសធ្ងន់ដោយភាគីទំនាស់កាប់មួយតាំងតោរយាស់ដេរ១៦ថ្នេរខណៈពេលផឹកស៊ីនៅចំណុចទីតាំងកសាងស្ថានីយ៍ទឹកស្អាតខាងកើតភូមិពោធិរំបុណ្យឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍អំពើហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះធួងឧស្សាហ៍ភេទប្រុសអាយុ២២ឆ្នាំនៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងមុខរបរកម្មករសំណង់។ចំណែកជនដៃដល់ឈ្មោះម៉ៅ(មិនស្គាល់ត្រកូល)ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិនិមិត្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមុខរបរកម្មករសំណង់ដូចគ្នា។
នគរបាលបានឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស្រាជុំគ្នាពេលកំពុងផឹកក៏មានទំនាស់ពាក្យសំដីក្លាយជាជម្លោះរហូតដល់ឈ្មោះម៉ៅបានទាញកាំបិតតាំងតោកាប់ទៅលើឈ្មោះឧស្សាហ៍១កាំបិតត្រូវចំស្មាស្តាំរយាស់ប្រវែង១០ស.មដេរចំនួន១៦ថ្នេរជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំពន្លៃ។
ចំណែកជនដៃដល់ឈ្មោះម៉ៅបានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួចពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួន៕
មតិយោបល់