ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសអាជីវករម្នាក់ ដាក់ម៉ូទ័របូបទឹក បណ្តាលឲ្យចរន្តអគ្គិសនីឆក់ស្លាប់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ ថ្ងៃចន្ទ០៦កើត ខែពិសាខ ឆ្នាំជូត ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ០៩ និង៤៥នាទី មានករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់១ករណី ស្ថិតនៅចំណុច មាត់ទន្លេក្រោយផ្ទះជនរងគ្រោះភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុក ពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សៀង ភារម្យ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុក ពញាឮ ខេត្ត កណ្តាល ។
វត្ថុតាងចាប់យកមាន ម៉ូទ័របូមទឹកម៉ាកដាយយ៉ូ(DAIYO)ជាប្រភេទម៉ូទ័រទម្លាក់ក្នុងទឹកចំនួន០១។

សភាពរឿងហេតុ តាមការបំភ្លឺរបស់ឈ្មោះ លួន ចាន់ ភេទស្រី អាយុ ២៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័របូមទឹកពីផ្ទះ ទៅមាត់ទន្លេក្រោយផ្ទះដើម្បីបូមទឹកយកមកប្រើប្រាស់ពេលរៀបចំរួចក៏បានបូមទឹកដាក់ពាងនៅមុខផ្ទះ ដោយឃើញទឹកមានសភាពល្អក់ពេកជនរងគ្រោះក៏បានប្រាប់ប្រពន្ធថាទឹកល្អក់ណាស់ ប្រើមិនកើតទេ ខ្ញុំចុះទៅកន្លែងដាក់ម៉ូទ័របូមម្ដងទៀត ដើម្បីយកម៉ូទ័រដាក់កន្លែងជ្រៅ ។

លុះដល់វេលាម៉ោងកើតហេតុខាងលើ ដោយបាត់ប្ដីយូពេកបានដើររកមើល តែរកពុំឃើញក៏នាំគ្នាចុះទៅមាត់ទន្លេកន្លែងកើតហេតុ ក៏បានឃើញជនរងគ្រោះឆក់ចរន្តអគ្គិសនីជាប់ជាមួយម៉ូទ័របូមទឹក ហើយបានស្រែកហៅក្រុមគ្រួសារ និងអ្នកជិតខាងជួយ ជនរងគ្រោះភ្លាមនោះក្រុមគ្រួសាររបស់ជនរងគ្រោះបានយកឡានផ្ទាល់ខ្លួន ដឹកជនរងគ្រោះទៅមន្ទីពេទ្យភ្នំពេញ តែដឹកបានពាក់កណ្ដាលផ្លូវជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ។ ក្រោយមកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាទែន ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថាសាកសព មានស្នាមឆក់ រលាត់ស្បែក នៅលើគល់ម្រាមចង្អុលដៃខាងឆ្វេង ប្រវែង០៣សង់ទីម៉ែត្រ ។ និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ។ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់