ព័ត៌មានជាតិ

រថយន្តដឹកសំរាមក្រុមហ៊ុន «បរិស្ថាន ភូមិយើង ប្រចាំស្រុកពញាឮ» បើកកិនកម្មករខ្លួនឯងស្លាប់ភ្លាមៗមួយរំពេច

កណ្ដាលៈ យោងតាមផេកនៅវេលាម៉ោង ១១ និង០២នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់មួយ បង្កឡើងរវាងរថយន្តដឹកសំរាមក្រុមហ៊ុនបរិស្ថាន ភូមិយើង ប្រចាំស្រុកពញាឮ កិនកម្មករខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ កែម បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ គេឃើញរថយន្តដឹកសំរាម ១គ្រឿងម៉ាក HYUNDAI ពណ៌បៃតង គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អ៊ុ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ដោយបើកបរប្រមូលសំរាម មានទិសដៅពីត្បូង ទៅជើង (ភ្នំពេញ-បាត់ដំបង) លុះមកដល់ចំណុចកើតហេតុ កម្មករដែលដើរប្រមូលសំរាម បានរត់តោងរថយន្ត មិនប្រយ័ត្នក៏រអិលដៃ ធ្លាក់មកក្រោម ក៏ត្រូវបានរថយន្តកិនចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

មូលហេតុ៖ បណ្តាលមកពីកម្មករ ដែលជាអ្នកដើរប្រមូលសំរាម រត់តោងរថយន្ត មានការធ្វេសប្រហែស ជាហេតុបង្កឲ្យកើត មានគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។ ចំណែកសព បានប្រគល់ជូនគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់