បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម៉ូតូឌ្រីមបុកជាមួយម៉ូតូហ្វីនន័រ ស្លាប់មនុស្សចំនួន២នាក់ ម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង២៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជនត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើង០៣៣៦-០៣៣៧ ខាងកើតស្ពានដែកប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ភាគីម៉ូតូ ម៉ាកហ្វីនន័រ (Winner) ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស្មឺត បឺត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុង ភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកឯភាគីម៉ូតូឌ្រីម (Dream) ធុនសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខប.មានជ័យ, ១R-៣៣៨៥៩ បើកបរដោយឈ្មោះ ធួក ញាណ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុង ភូមិចំបក់ ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញ ភាគីម៉ូតូម៉ាកហ្វីនន័រ (Winner) គ្មានពាក់មួកសុវត្ថិភាព សង្ស័យមានជាតិស្រវឹង បានបើកបរពីទិសខាងកើត ទៅខាងលិចក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ ពេលមកដល់ចំណុចកើតហេតុខាងលើ ខាងកើតស្ពានដែកប្រហែល១០០ម៉ែត្រ ក៏មានម៉ូតូឌ្រីម (Dream) បើកក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើតបានឡើងវ៉ាជែងរថយន្ត ១គ្រឿងដែលកំពុងបើក បណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូហ្វីនន័រ (Winner) ពេញទំហឹងធ្វើឲ្យអ្នកបើកម៉ូតូហ្វីនន័រ (Winner) បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូឌ្រីមបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់