បាត់ដំបងៈ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូតទោស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី អនុវត្តជាប្រចាំតាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកគាស់ក្រឡ ដែលមានលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក បានជំរុញដឹកនាំ ឲ្យមានការបង្ក្រាបករណីប្រព្រឹត្តិល្បែងស៊ីសង មួយកន្លែង ឃាត់ខ្លួនបាន៩នាក់ នៅក្នុងមូលដ្ឋាន ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ករណីខាងលើនេះ កើតឡើងក្នុងពេលដែលមន្រ្តី នគរបាលមូលដ្ឋានខិតខំបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានវិធានការបង្ការខ្លួនពីករណីឆ្លងជំងឺ Covid-19 យ៉ាងសកម្មផុលផុស នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃខែឆ្នាំដដែលនេះ ក៏ស្រាប់តែប្រទះឃើញមនុស្សប្រុសស្រីមួយក្រុមកំពុងប្រមូលផ្តុំគ្នាឱនងើបៗ នៅក្នុងបរិវេណដីចម្ការមួយ កន្លែងចំណុចបឹងព្រះពន្លៃ ស្ថិតក្នុងភូមិ-ឃុំខាងលើ ។
ព្រោះតែមានការសង័្សយមន្រ្តីនគរបាលមូលដ្ឋានបានចូលទៅដល់ចំណុចនោះ ក៏ស្រាប់តែប្រទះឃើញ មនុស្សប្រុសស្រីមានចំនួនរហូតដល់០៩នាក់ កំពុងអង្គុយយ៉ាងកៀកកិតប្រព្រឹត្តិល្បែងស៊ីសង (បៀ) យ៉ាងសកម្មនិងសប្បាយរីករាយដោយគ្មានបានគិតគូរអំពីគម្លាតសុវត្ថិភាពឬពីករណីល្មើសច្បាប់អ្វីទាំងអស់ ។
អ្នកប្រព្រឹត្តិល្បែង ស៊ីសងប្រុសស្រីទាំង០៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នាំខ្លួនទៅធ្វើកំណត់ហេតុសាកសួរ និងអប់រំណែនាំ ឲ្យឈប់ប្រព្រឹត្តិ និងបន្ថែមពីការណែនាំពួកគាត់ឲ្យបានយល់ដឹងពី ករណីឆ្លងជម្ងឺ Covid-19 ផងដែរ មុននឹងឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕
មតិយោបល់