បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុ១២ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងដោយចង.ក ធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០២រសៀល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រោះតែខឹងនិងបងស្រីស្តីបន្ទោសនិងទះកំផ្លៀងពីរបីដៃ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានរបស់នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្មេងប្រុសដែលធ្វើអត្តឃាតខ្លួនឯងឈ្មោះ រឿន បញ្ញា អាយុ ១២ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ក្មេងប្រុសនេះ បានខឹងនិងបងស្រីស្តីបន្ទោស និងបានទះកំផ្លៀងចំនួន២ទៅ៣ដៃ រួចក៏បានយកខ្សែរនីឡុងកាវសម្រាប់ចងមងប្រវែងប្រហែលជិត៣ម៉ែត្រ រត់ទៅចងកហ្នឹងដើមអាកាស្យាកម្ពស់ប្រហែល២ម៉ែត្រកន្លះពីដី ចម្ងាយពីផ្ទះប្រហែល១៣០ម៉ែត្រ (ខាងកើតផ្ទះក្នុងកម្ពោតព្រៃ) ។ ភ្លាមៗនោះដោយមានការមិនទុកចិត្ត បងប្អូនក៏បានដើរតាមរកក៏ប្រទះឃើញកុមារានេះបានចង.ក រួចទៅហើយ បន្ទាប់មកបាននាំគ្នាធ្វើការសង្គ្រោះដឹកយកទៅមន្ទីពេទ្យបង្អែកសិរីសោភ័ណ ពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏បានដឹកសពត្រឡប់មកផ្ទះវិញ ។
ប្រភពដដែលបានបញ្ជាក់ថា៖ ក្មេងប្រុសរូបនេះ កន្លងមកតែងតែគម្រាមក្រុមគ្រួសារពីចង់ចង.ក សម្លាប់ខ្លួន ពេលគេខឹងម្តងៗ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច ៕
មតិយោបល់