ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះកែ ទីទី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដេកស្លាប់នៅចំណុចក្រោមផ្ទះរបស់ឈ្មោះងឹម សុធី ភេទស្រី ស្ថិតក្នុងភូមិប្រឡាយធំ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះកែ ទីទី បានមកលេងផ្ទះរបស់ឈ្មោះងឹម សុធី ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិប្រឡាយធំ សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងជួបជុំមិត្តភក្តិផឹកស៊ី លុះជួបជុំមិត្តភក្តិផឹកស៊ីស្រវឹងរៀងៗ ខ្លួនជនរងគ្រោះក៏សម្រាកនៅលើអង្រឹងក្រោមផ្ទះរបស់ឈ្មោះងឹម សុធីមួយសន្ទុះក្រោយមកមិត្តភក្តិ ផឹកជាមួយគ្នាឃើញជនរងគ្រោះដេកធ្លាក់ពីលើអង្រឹងក៏ដើរទៅដាស់ឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចចុះ ដល់កន្លែងកើតហេតុ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចលោកវរសេនីយ៍ត្រីសុខ មេសា អធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ជំនាញនិងក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះដេកស្លាប់ដោយករណីគាំងបេះដូង (ខ្យល់គ) ដោយពិសារស្រាច្រើនទើបធ្វើឲ្យជនរងគ្រោះដេកស្លាប់បែបនេះ ៕
មតិយោបល់