ព័ត៌មានជាតិ

ជាងដែកម្នាក់ ទ្បើងប្រក់ដំបូលផ្ទះវីឡា មិនប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ស្លាប់…

ភ្នំពេញៈ បុរសជាជាងដែកម្នាក់ ឡើងទៅប្រក់ដំបូលផ្ទះវីឡាមួយកន្លែង សង្ស័យរបូតដៃធ្លាក់ពីលើដំបូលផ្ទះវីឡា ក្នុងក្លិបហាត់ប្រាណ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៤ និងង០០នាទីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងក្លិបហាត់ប្រាណ ភូមិគ្រឹះចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ណូ សុផាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅទីតាំងកើតហេតុ មានស្រុកកំណើត នៅខេត្តកណ្តាល។

តាមប្រភពពីឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាជាងដែក ត្រូវជាក្មួយប្រុសរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់ និងជនរងគ្រោះ ដែលត្រូវជាឪពុកមា បានចូលធ្វើការជួសជុលផ្ទះវីឡា កម្ពស់មួយជាន់អស់រយៈពេល៨ថ្ងៃមកហើយ ជារៀងរាល់ថ្ងៃពួកគាត់ ធ្វើការមានគ្នាចំនួន៤នាក់។

តាមប្រភពដដែល បានបន្តថា មុនកើតហេតុ នៅពេលពួកគាត់ទាំង៤នាក់ កំពុងតែធ្វើការ ដោយទ្បើងប្រក់ក្បឿងដូចសព្វដង ខណៈនៅវេលាកើតហេតុ គាត់ និងជាងចំនួន២នាក់ទៀត កំពុងតែប្រក់ក្បឿង នៅខាងលើដំបូលផ្ទះវីឡាកើតហេតុ។

បន្ទាប់មកជនរងគ្រោះ ក៏បានតោងឡើងតាមដែកមេដំបូល ពីចំហៀងម្ខាង នៃផ្ទះវីឡាទៅខាងលើដំបូល ដើម្បីទៅប្រក់ក្បឿង ស្រាប់តែជនរងគ្រោះ បានរបូតដៃពីដែកមេដំបូល បណ្តាលឲ្យធ្លាក់ចុះទៅចំហៀងផ្ទះវីឡា កម្ពស់ប្រមាណ៨ម៉ែត្រ ដួលបោកទៅនឹងឥដ្ឋបែកក្បាល ឈាមហូរស្រោចខ្លួនតែម្ដង។

ភ្លាមៗនោះ កម្មករ និងជាង ដែលកំពុងធ្វើការជួសជុលផ្ទះវីឡាកើតហេតុ បាននាំគ្នាលើកជនរងគ្រោះ ដាក់លើម៉ូតូដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច បានចុះមកធ្វើការសួរនាំ នៅចំណុចកើតហេតុ តែត្រូវម្ចាស់ទីតាំងក្លឹបហាត់ប្រាណខាងលើ ព្យាយាមលាក់បាំងសមត្ថកិច្ច បែរនិយាយថា គ្មានរឿងអ្វីនោះទេ។ រហូតអស់រយៈពេលជាង២ម៉ោង ក្រោយមកទើបគ្រួសារសាច់ញាតិ បុរសរងគ្រោះ បានមកដល់កន្លែងកើតហេតុ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការអន្តរាគមន៍ ទើបម្ចាស់ទីតាំងព្រមសហការ ជាមួយសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យ សពបុរសរងគ្រោះ ដែលតម្កល់នៅមន្ទីរពេទ្យព្រះកុសុមៈ។ សន្និដ្ឋានថា ពិតជាស្លាប់គ្រោះថ្នាក់ការងារមែន រួចក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់