ព័ត៌មានជាតិ

រថយន្តដឹកត្រីបើកបុករថយន្តខូចឈប់ចតពីក្រោយ បណ្ដាលឲ្យស្ត្រីជនជាតិវៀតណាមម្នាក់ស្លាប់ ព្រូ និងតៃកុងរងរបួស

កណ្ដាលៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង២៥នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវលេខ២១ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុមានរថយន្តធុនធំ ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-8676 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ហើយបានចតនៅលើផ្លូវថ្នល់កៅស៊ូ(រថយន្តខូចមិនដំណើរការ) ផ្នែកខាងលិចផ្លូវ បែរក្បាលទៅទិសខាងត្បូង ដោយដាក់ផ្លាកសញ្ញាផ្ដល់ដំណឹងមិនបានត្រឹមត្រូវតាមបទបញ្ញតិច្បាប់ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ។
លុះដល់យប់ម៉ោង ៤និង២៥នាទីទៀបភ្លឺ ក៏មានឈ្មោះ ប៊ិន លើង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ វី ធឿង ភេទប្រុស អាយុ ២៩ឆ្នាំ ព្រូរថយន្ត និងឈ្មោះ កាន់ ញ៉ុង ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ ដឹកត្រី (ស្លាប់) បានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-9673 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បណ្ដាលឲ្យបុករថយន្តពាក់ផ្លាកលេខភ្នំពេញ 3B-8676 ចំពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យគាបស្លាប់ម្នាក់ និងរបួសធ្ងន់ ០២នាក់ ខូចស្លាកស្រាបៀរ ០២ផ្ទាំង និងបង្គោលភ្លើងដែកដាក់តាមភូមិ ០១ដើម ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុ រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យវៀតណាមនិង ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋានជំហានដំបូង៖
ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 3E-9673 បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ចំណែកអ្នកបើកបររថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 3B-8676 ឈប់ពេលយប់ដោយមិនបានដាក់ផ្លាកសញ្ញា ឬភ្លើងសញ្ញាផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឲ្យបានដឹង៕

មតិយោបល់