ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ផ្ដាច់ជីវិតបុរសម្នាក់ភ្លាមៗ ខណៈប្រពន្ធរបួសស្រាល ឯម្នាក់ទៀតរបួសធ្ងន់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៣ និង ៤០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតត្រង់ចំណុចខាងកើតវត្តលួងប្រហែល ៧០ម៉ែត្រ នៅក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកគ្នា។

ជនរងគ្រោះទី១ឈ្មោះ អ៊ុក សិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (ស្លាប់) ទី២ ឈ្មោះ សួន គឹមអេង ភេទស្រី ត្រូវជាប្រពន្ធ របួសស្រាល និងទី៣ឈ្មោះ អ៊ឹម រតន: ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ របួសធ្ងន់។

ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូ០១គ្រឿង ម៉ាកវេវ ពណ៌ស គ្មានផ្លាកលេខ ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើ បានបត់ឆ្លងផ្លូវ ក៏ត្រូវម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ផ្លាកលេខ 1G-9112 បុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកវេវស្លាប់ និងប្រពន្ធ ដែលរួមដំណើររងរបួសស្រាល រីឯអ្នកបើកម៉ូតូហុងដា របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់