ព័ត៌មានជាតិ

ពិតជាសាហាវណាស់! ករណីឃាតកម្ម ប្លន់សម្លាប់បុរសម្នាក់យកទ្រព្យ ដោយវាយ និងចាប់ជ្រមុជទឹក ហើយគាស់យកធ្មេញមាស

បន្ទាយមានជ័យៈ មានករណីអំពើឃាតកម្មដ៏ព្រៃផ្សៃ ក្រុមជនសង្ស័យ ប្លន់សម្លាប់បុរសម្នាក់ យកម៉ូតូ ខ្សែ.ក និងគាស់យកធ្មេញមាស របស់ជនរងគ្រោះថែមទៀត។

ហេតុការណ៍នេះ កើតទ្បើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្នុងខ្ទោមមួយកន្លែង នៅកណ្ដាលវាល ក្នុងភូមិអូរតាគល់ ឃុំឬស្សីស្រុក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ជាមនុស្សគ រស់នៅភូមិអូអាកុល ឃុំឬស្សីស្រុក ស្រុកមង្គលបុរី ខណៈដែលក្រុមជនសង្ស័យទាំង៥នាក់ ក្នុងនោះស្រីម្នាក់ រស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ ក្រុមជនសង្ស័យ បានបបួលជនរងគ្រោះ ផឹកស្រានៅក្នុងខ្ទោមទីតាំងខាងលើ ពេលជនរងគ្រោះ ផឹកស្រវឹងខ្លាំង ក្រុមជនសង្ស័យ បាននាំជនរងគ្រោះ ចេញពីទីតាំងខាងលើ មកស្ពានមួយកន្លែង ស្ថិតនៅផ្លូវទៅខេត្ដសៀមរាប ហើយចាប់ផ្ដើមធ្វើសកម្មភាព យកដំបងវាយជនរងគ្រោះ និងយកខ្សែក្រវាក់រឹត.ក ហើយចាប់ជនរងគ្រោះ ជ្រមុជចូលទឹកប្រឡាយ រហូតដល់ស្លាប់។ បន្ទាប់មកក្រុមជនល្មើស បាននាំគាស់យកធ្មេញមាស របស់ជនរងគ្រោះថែមទៀត។

ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បានរៀបចំដឹកសពជនរងគ្រោះ តាមម៉ូតូ យកទៅចោល នៅប្រឡាយទឹកមួយកន្លែង ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ្ឌ ផ្លូវជាតិ៥៦ ហើយក៏នាំគ្នាគេចទៅលាក់ខ្លួន នៅផ្ទះស្រ្ដីម្នាក់ ដែលជាប្រពន្ធរបស់ជនសង្ស័យ ក្នុងចំណោមបក្ខពួកជនសង្ស័យទាំង ៤នាក់ នៅភូមិកំរែក ឃុំស្វាយសរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ករណីនេះ បន្ទាប់ពីសមត្ថកិច្ចខេត្ត បើកការស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនល្មើស។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់