បាត់ដំបងៈ កាលពីវេលាម៉ោង១៨និង៤៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង បើកម៉ូតូវ៉ាជែងរថយន្ត បណ្តាលឲ្យបាត់បង់នូវអាយុជីវិតបុរសម្នាក់ នៅចំណុចក្រុមទី១ ភូមិអូរគ្រៀត ឃុំគារ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (241-242.) ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម ធុនសេ125 ពាក់ផ្លាកលេខបាត់ដំបង1S. 2934. អ្នកបើកបរដោយជនរងគ្រោះឈ្មោះ សៀង ពិសឹទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។ បើកបរមកពីទិសខាងបាត់ដំបង ឆ្ពោះមុខទៅភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងនឹងរថយន្តធុនធំមួយគ្រឿង ដែលកំពុងបើកបរស្របទិសគ្នា រួចក៏វាក់អឺនឹងម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា រួចជនរងគ្រោះបានបើកងាកចង្កូតមកវិញកៀរនឹងរថយន្តធុនធំដែលខ្លួនវ៉ាជែងនោះ បណ្ដាលឱ្យដួលស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ ក្រោយកើតហេតុ ម្ចាស់រថយន្ត បានបន្ថែមល្បឿនយ៉ាងលឿន បើករត់គេចខ្លួនបាត់ស្រមោល ។
មូលហេតុ៖ ករណីនេះ បណ្តលមកពីជនរងគ្រោះ បើកបរម៉ូតូមានជាតិស្រវឹង វ៉ាជែងរថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ រួចប្រគល់ម៉ូតូនិងសាកសពជនរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់